(ភ្នំពេញ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះ បានប្រគល់ម៉ូតូ១គ្រឿង ជូនកីឡាករ ព្រំ សំណាង សម្រាប់ជាមធ្យោបាយធ្វើដំណើរ ក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games នៅពេលដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាពេលខាងមុខ។

លោក វ៉ី សំណាង បានប្រាប់មកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា «ដើម្បីឆ្លើយតប ជាមួយនឹងការខិតខំប្រឹងប្រែង របស់កីឡាករ ព្រំ សំណាង ថ្ងៃនេះ ខ្ញុំសូមលើកទឹកចិត្ត ដោយប្រគល់ម៉ូតូ១គ្រឿង សម្រាប់ជាមធ្យោបាយធ្វើដំណើរ ក្នុងការហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករអាជីព sea games នៅពេលដែលប្រទេសយើង នឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាពេលខាងមុខ»

ជាមួយគ្នានេះ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានសូមជូនពរកីឡាករ-កីឡាការិនីរបស់កម្ពុជា ជាពិសេសកីឡាករ ព្រំ សំណាង សូមទទួលបានជោគជ័យគ្រប់សង្វៀនប្រកួតទាំងអស់ផងដែរ។

សូមជម្រាបថា អ្នកលេងគុនខ្មែរ ព្រំ សំណាង បានសាងភាពភ្ញាក់ផ្អើលជាថ្មីម្ដងទៀត ក្រោយផ្ដួលជើងខ្លាំងរុស្ស៊ី Firdavszhon Naiimov លើសង្វៀន Thai Fight នៅប្រទេសថៃ ដោយចំណាយពេលត្រឹមទឹកទី១ ប៉ុណ្ណោះ នាយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ការបង្ហាញវត្តមានលើកទី២ លើសង្វៀនអន្ដរជាតិនេះ អ្នកលេងគុនខ្មែរ ព្រំ សំណាង មិនបានធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ដោយរូបគេ បានព្យាយាមវាយរហូតដណ្ដើមបានជ័យជម្នះ លើកីឡាករវ័យ២១ឆ្នាំ Firdavszhon Naiimov ជូនអ្នកគាំទ្រ ពិសេសដើម្បីសម្រេចគោលដៅ លើកមុខមាត់គុនខ្មែរ លើឆាកអន្ដរជាតិ។

នេះជាលើកទី២ហើយ ដែលជើងខ្លាំងគុនខ្មែរវ័យ ៣៨ឆ្នាំរូបនេះ បានផ្ដួលគូប្រកួតលើសង្វៀន Thai Fight ខណៈកាលលើកទី១ រូបគេបានផ្ដួលកីឡាករជើងខ្លាំងអង់គ្លេស Thomas Carpenter ត្រឹមទឹកទី១ លើសង្វៀន Thai Fight ប្រទេសថៃ។

កីឡាករ ព្រំ សំណាង ក៏ទទួលបានការអបអរសារទរ ពីលោកបណ្ឌិត ហ៊ុន ម៉ាណែត និងទទួលបានការឧបត្ថម្ភ ជាបន្ដបន្ទាប់ៗ ពីសប្បុរសជនផងដែរ៕