(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការរៀបចំការប្រកួតកីឡា SEA Games 2023 បានគូសបញ្ជាក់ថា គណៈកម្មការរបស់កម្ពុជាពុំបានកំណត់តម្លៃណាមួយសម្រាប់ទូរទស្សន៍នៃប្រទេសដទៃផ្សព្វផ្សាយពី SEA Game នៅកម្ពុជា ដូចការឡើងពីប្រទេសក្បែរខាងនាពេលថ្មីៗនេះទេ។

នេះជាការបកស្រាយ ក៏ដូចជាឆ្លើយតបទៅនឹងសារព័ត៌មានដែលចេញពីប្រទេសថៃដែលបានចេញផ្សាយថា «កម្ពុជាបានកំណត់តម្លៃអំពីការលក់សិទ្ធិផ្សាយ SEA Games ក្នុងការទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់សម្រាប់ព្រឹត្តិការណ៍ដែលមានរយៈពេល ២ឆ្នាំម្តងនេះ ដោយកម្ពុជាពុំដែលមានការកំណត់តម្លៃក្នុងការទិញសិទ្ធិផ្សាយនោះទេ ដោយចរចាតាមតែវិធី ២យ៉ាងប៉ុណ្ណោះ។ ដោយទី១ គឺចរចាររវាងគណៈកម្មការនៃប្រទេសទាំងពីរ និងវិធីទី២ គឺគណៈកម្មាធិការគេចរចាបន្តជាមួយបណ្តាញទូរទស្សន៍ក្នុង មុនពេលយកតម្លៃត្រូវគ្នាមកចរចាជាមួយយើងវិញ»

ក្នុងន័យនេះ លោក វ៉ាត់ ចំរើន ទទូចសុំឲ្យសារធារណជន ឬសារព័ត៌មាននានាកុំមានការយល់ខុស ថាកម្ពុជាជាអ្នកកំណត់តម្លៃក្នុងការលក់សិទ្ធិទូរទស្សន៍ផ្សព្វផ្សាយ SEA Games។

លោកបានសង្កត់ធ្ន់ថា «វាអត់មានអីចំឡែកនោះទេ ដែលសារព័ត៌មានថៃចេញផ្សាយថា ពីមុនមកមិនដែលមានទិញ-លក់ ត្រូវហើយ ក៏ព្រោះកម្ពុជាធ្វើទៅតាមស្តង់ដារគុណភាពពីការផ្សព្វផ្សាយប្រកួតកីឡា ហើយកម្ពុជាមានផ្លូវច្បាប់គ្រប់គ្រាន់ក្នុងការលក់សិទ្ធិផ្សាយ ដោយទទួលបានពីកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍កន្លងមក គឺបានសម្រេចឲ្យកម្ពុជាលក់សិទ្ធិទូរទស្សន៍ ដែលពីមុនៗមិនដែលមានលក់សិទ្ធិទេ ហើយនេះក៏ជាការធ្វើជាគំរូដ៏ល្អមួយសម្រាប់ SEA Games លើកក្រោយៗទៀត ដោយទទួលបានការគាំទ្រពីថៃ សិង្ហបុរី និងក្រុមប្រឹក្សាទាំងអស់នៃកីឡាអាស៊ីអាគ្នេយ៍ទៀតនោះ»

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្ពុជាពុំមានកំណត់នូវតម្លៃ ដើម្បីឲ្យគេទិញផ្សាយបន្តផ្ទាល់នោះទេ គឺតម្លៃស្ថិតនៅលើការចរចាគ្នាទៅតាមទីផ្សារ ដោយឃើញថា ទីផ្សារប្រទេសធំ ចរចាតម្លៃខ្ពស់ និងទីផ្សារប្រទេសតូច ចរចាតម្លៃទាប ដោយមិនអាចកំណត់តម្លៃជាក់លាក់បានទេ «បើកំណត់ គឺខុស»៕