(ភ្នំពេញ)៖ ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា បានបន្តកិច្ចសហការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) ក្នុងការផ្តល់ជូនសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុតាមប្រព័ន្ធឌីជីថល ដើម្បីអនុញ្ញាតឱ្យអតិថិជនធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុតាមរយៈស្ថាបនា ម៉ូបាល។ មុខងារដ៏ងាយស្រួលនេះ ត្រូវបានរចនាឡើងដើម្បីជួយអតិថិជនក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងថែរក្សាសុខភាពហិរញ្ញវត្ថុ។

សេវាកម្មមួយនេះបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងតាំងពីខែមិថុនា ឆ្នាំ២០២១ ដែលអាចឱ្យអតិថិជនស្នើសុំរបាយការណ៍ឥណទានផ្ទាល់ខ្លួនតាមរយៈធនាគារចល័ត។

មុខងារត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុគឺ ជាមុខងារមួយដ៏សំខាន់ និងងាយស្រួលសម្រាប់អតិថិជនដើម្បីធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាទៀងទាត់ ជាពិសេសមុនពេលស្នើសុំឥណទាន និងក្នុងគោលបំណងផ្សេងទៀតតាមរយៈមុខងារ CBC ដែលមាននៅក្នុង Sathapana Mobile។ បន្ទាប់ពីធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រួច អតិថិជននឹងទទួលបានរបាយការណ៍ និងព័ត៌មានសំខាន់ៗដូចជា កំណត់ត្រា នៃប្រវត្តិទូទាត់ឥណទាន ដែលបានកត់ត្រា ពីធនាគារ និង ស្ថាប័ន ហិរញ្ញវត្ថុផ្សេងៗទៀត។

លើសពីនេះទៅទៀត មុខងារនេះក៏ផ្តល់នូវរបាយការណ៍អំពីប្រភេទគណនីឥណទាន ប្រវត្តិទូទាត់ និងទឹកប្រាក់កំណត់នៃឥណទានផងដែរ។ ជាងនេះទៅទៀត កម្មវិធីមួយនេះមិនត្រឹមតែផ្តល់នូវរបាយការណ៍ហិរញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយជួយអតិថិជនឱ្យយល់អំពីគោលដៅហិរញ្ញវត្ថុរបស់ពួកគេ ជាពិសេសយល់ច្បាស់ថាតើសុខភាពហិរញ្ញវត្ថុរបស់ពួកគេអាចស្នើសុំឥណទានបន្ថែមទៀត ឬ ត្រូវសន្សំប្រាក់។

លើសពីនេះ មុខងារ CBC នៅលើ ស្ថាបនា ម៉ូបាល ជួយឱ្យអតិថិជនមានភាពងាយស្រួលក្នុងការស្នើសុំរបាយការណ៍ឥណទានដោយមិនចំណាយពេលយូរ។ អតិថិជន អាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគេបានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ សម្រាប់អតិថិជនដែលមិនទាន់បានចុះឈ្មោះ ក៏អាចប្រើប្រាស់សេវាកម្មនេះបានដែរ ដោយគ្រាន់តែទាញយក ស្ថាបនា ម៉ូបាល និងបើកគណនី ធនាគារ ស្ថាបនា បានភ្លាមៗ។

សូមជម្រាបថា ធនាគារ ស្ថាបនា គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលមានទ្រព្យសកម្មសរុបជាង ២,៤ ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកជាង ៤.០០០នាក់។ ធនាគារ ស្ថាបនា មានបណ្តាញសាខាយ៉ាងទូលំទូលាយនៅទូទាំងប្រទេសដែលមានសាខាជាង ១៧០សាខា ស្ថាបនា ព្រីមារណ៍ចំនួន ៣ និងម៉ាស៊ីនអេធីអឹមជាង ២៥០។ ធនាគារ ស្ថាបនា ផ្តល់ជូនសេវាធនាគារយ៉ាងពេញលេញដូចជា៖ សេវាឥណទាន សេវាដាក់ប្រាក់បញ្ញើ សេវា iBanking ធនាគារចល័ត ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទាន សេវាផ្ទេរប្រាក់ក្នុងស្រុក និងក្រៅប្រទេស សេវាផ្ទេរប្រាក់ឆ្លងប្រទេសងជាមួយ SWIFT និងសេវា Visa B2B Connect Western Union ហិរញ្ញប្បទានពាណិជ្ជកម្ម និងសេវាហិរញ្ញវត្ថុផ្សេងទៀត។

ក្រៅពីនេះ ធនាគារ ស្ថាបនា ក៏មានផ្តល់ជូនសេវាប្រមូលពន្ធ និងសេវាទូទាត់ថ្លៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ទន្ទឹមនេះ ធនាគារ ស្ថាបនា ក៏មានការសហការជាមួយក្រុមហ៊ុនផ្តល់សេវាទូទាត់ចល័តផ្សេងទៀតដូចជា ៖ វីង ផាយផេ ទ្រូម៉ាន់នី លី ហួរ វេលុយ អ៊ីម៉ាន់នី និងបាគង ដើម្បីផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតដល់អតិថិជនរបស់យើង។ ក្នុងនោះផងដែរ ធនាគារ ស្ថាបនា ក៏បានសហការជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា ដើម្បីផ្តល់ភាពងាយស្រួលឱ្យអតិថិជនធ្វើការពិនិត្យសុខភាពហិរញ្ញវត្ថុតាមរយៈស្ថាបន ម៉ូបាល។

ថ្មីៗនេះ ធនាគារ ស្ថាបនា ទើបតែទទួលបានពានរង្វាន់ Best Moabile Banking App ឆ្នាំ២០២២ និង Mobile Banking & Payment Initiative of the Year ពីទស្សនាវដ្ដី Global Brands Magazine របស់ប្រទេសអង់គ្លេស និង Asian Banking & Finance Retail Banking Awards សម្រាប់កម្មវិធីស្ថាបនា ម៉ូបាលរចនាបទថ្មី ដែលផ្ដល់នូវសេវាកម្មរហ័ស ងាយស្រួល និងសុវត្ថិភាពជាងមុនជូនដល់អតិថិជន។ ពានរង្វាន់ទាំងពីរនេះគឺជាសក្ខីភាពបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការប្ដេជ្ញាចិត្តរបស់ធនាគារ ស្ថាបនា ដើម្បីបម្រើអតិថិជនឱ្យបានកាន់តែល្អប្រសើរ៕