(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងប្រទេសម៉ាឡេស៊ីជាមួយនឹងការដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួន រួមទាំងគម្រោងបើកការិយាល័យ និងបង្កើតបណ្តាញស្ថានីយ៍សាកអាគុយរថយន្តអគ្គិសនី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

នៅថ្ងៃពុធសប្តាហ៍នេះក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិ (MITI) របស់ប្រទេសម៉ាឡេស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពាក្យស្នើរបស់ក្រុមហ៊ុន Tesla ក្នុងការនាំចូលរថយន្តអគ្គិសនីដែលដំណើរការដោយអាគុយ ឬហៅថា BEV ទៅកាន់ប្រទេសម៉ាឡេស៊ី ត្រូវបានអនុម័ត ហើយ Tesla ក៏នឹងបើក Showrooms និងមជ្ឈមណ្ឌលសេវាកម្មនៅទីនោះផងដែរ។ MITI បានបន្ថែមទៀតថា វត្តមានរបស់ក្រុមហ៊ុនអាមេរិកនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងបង្កើតការងារដែលមានជំនាញ និងបង្កើនការចូលរួមរបស់ក្រុមហ៊ុនក្នុងស្រុកនៅក្នុងប្រព័ន្ធអេកូឡូស៊ី Tesla។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សហកម្មអន្តរជាតិលោក Tengku Zafrul Aziz បានសម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់ Tesla ហើយលោកក៏មានបំណងប្រើប្រាស់យុទ្ធសាស្រ្តលើប្រព័ន្ធអេកូអគ្គិសនី និងអេឡិចត្រូនិចដែលបានបង្កើតឡើងក្នុងប្រទេសម៉ាឡេស៊ីតាមរយៈកាវិនិយោគរបស់ Tesla ក៏ដូចជាដៃគូវិនិយោគដទៃទៀត ក្រោមគំនិតផ្តួចផ្តើម BEV ដើម្បីធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសគោលដៅវិនិយោគសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតក្នុងការផលិតរថយន្តអគ្គិសនី។

តែយ៉ាងណាជុំវិញគម្រោងទៅបើកការិយាល័យរបស់ Tesla នៅក្នុងប្រទេសម៉ាឡេស៊ីនៅមិនទាន់ទទួលបានរបាយការណ៍បញ្ជាក់នៅឡើយនោះទេ ខណៈ Tesla មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការអត្ថាធិប្បាយ៕