(អាមេរិក)៖ ទីបំផុតតារាកំប្លែងល្បីឈ្មោះ Chris Rock ត្រូវបានរាយការណ៍ថា នឹងវាយបកទៅលើ Will Smith វិញ ជុំវិញការទះកំផ្លៀងនៅលើឆាកនៃព្រឹត្តិការណ៍ Oscars កាលពីឆ្នាំមុន តាមរយៈសាច់រឿងកំប្លែករបស់លោក ដែលគ្រោងបញ្ចាំងលើ Netflix នាពេលខាងមុខ ពោលគឺនឹងបញ្ចាំង១សប្តាហ៍មុនកម្មវិធី Oscars ឆ្នាំនេះមកដល់។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

តារាកំប្លែងវ័យ៥៨ឆ្នាំ Chris Rock ដែលបាននិយាយលេងសើចខ្លីៗ អំពីភរិយា Will Smith លើឆាកប្រគល់ពានរង្វាន់ Oscars ឆ្នាំ២០២២ នោះ នឹងមានការផ្សាយបន្តផ្ទាល់ពិសេសលើ Netflix នៅថ្ងៃទី០៤ ខែមីនា ខាងមុខនេះ ខណៈប្រភពផ្ទៃក្នុងបានបង្ហើបថា ការផ្សាយផ្ទាល់របស់ Chris Rock នេះ នឹងមានពាក់ព័ន្ធភាពច្របូកច្របល់លើឆាក Oscars ជាមួយ Will Smith កាលពីឆ្នាំមុន។

ប្រភពបានប្រាប់ Page Six ថា «ប្រសិនបើអ្នកកំពុងរង់ចាំមើល Rock និយាយអំពីស្ថានភាព Will Smith ទះកំផ្លៀងដ៏ល្បី... តារាកំប្លែងរូបនេះ កំពុងបញ្ចូលវាទៅក្នុងការផ្សាយផ្ទាល់លើ Netflix…»។ ជុំវិញគម្រោងផ្សាយផ្ទាល់ពិសសរបស់ខ្លួនលើ Netflix តារាប្រុស Rock បានបង្ហើបថា ខ្លួនបាន​សហការ​ជាមួយ​អ្នក​និពន្ធ​រឿងកំប្លែងជើង​ចាស់ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​បង្ហាញទៅកាន់អ្នកទស្សនា ​គឺមានទម្ងន់ និង​គួរ​ឲ្យអស់​សំណើច។

គួរជម្រាបថា ព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ Oscars ឆ្នាំ២០២៣ លើកទី៩៥នេះ នឹងធ្វើឡើងនៅថ្ងៃទី១៣ ខែមីនា ខាងមុខនេះ ខណៈការផ្សាយផ្ទាល់ពិសេសរបស់ Rock នៅលើ Netflix នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា នេះ ពោលគឺមុនកម្មវិធី Oscars មួយសប្តាហ៍។ អ្នកគាំទ្រជាច្រើនកំពុងរង់ចាំមើលថា តើនឹងមានបញ្ចូលការកំប្លែងអ្វីខ្លះ ដែលធ្វើឲ្យគ្រប់គ្នាទប់សំណើចមិនជាប់?