(ភ្នំពេញ)៖ ផលិតករភាពយន្តល្បីឈ្មោះអ្នកនាង ប៊ុន ចាន់និមល បានសម្ដែងការប្រតិកម្ម និងចេញមុខបំភ្លឺជុំវិញមហាជនមួយចំនួន បានធ្វើការរិះគន់ទៅលើការដាក់បញ្ចាំងភាពយន្តខ្នាតធំរឿង «ហាមបិទភ្នែក» នៅក្នុងថ្ងៃដំបូងថា ផលិតកម្មបានបង្កើតព័ត៌មានក្លែងក្លាយ (Fake) ពីទិន្នន័យអ្នកទស្សនា ដល់អ្នកដែលចង់ទស្សនាភាពយន្តនេះ ដោយបានធ្វើការផ្សព្វផ្សាយក្នុងបណ្ដាញសង្គមរបស់ខ្លួនថា ភាពយន្តរឿង «ហាមបិទភ្នែក» គឺមានអ្នកចូលទស្សនាច្រើនលើសលប់ រហូតអស់សំបុត្រលក់ នៅក្នុងការដាក់បញ្ចាំងមួយសប្ដាហ៍ដំបូង ដែលធ្វើឲ្យអ្នកគាំទ្រ និងមហាជនរិះគន់ថា ជារឿងមិនពិត។

ឆ្លើយតបទៅនឹងការលើកឡើងនេះ ផលិតករភាពយន្ត គឺអ្នកនាង ប៊ុន ចាន់និមល បានថ្លែងបញ្ជាក់លំអិតអំពីបញ្ហានេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣នេះថា ការផ្សព្វផ្សាយថា ផលិតកម្មលក់សំបុត្រអស់ និងមានអ្នកចូលទស្សនាភាពយន្តរឿង «ហាមបិទភ្នែក» យ៉ាងច្រើនកុះករ នៅតាមរោងភាពយន្តនានា ក្នុងថ្ងៃដាក់បញ្ចាំងដំបូង រហូតមានអ្នកខ្លះរកទិញសំបុត្រ ចូលទស្សនាមិនបាននោះ ហើយបានផ្សាយជាផ្លូវការនៅក្នុងផេករបស់ផលិតកម្ម សាស្ត្រាហ្វៀមកន្លងមកនោះ គឺជារឿងពិតប្រាកដ ពោលគឺផលិតកម្មមិនបានប្រឌិតរឿងឡើង ដើម្បីឲ្យមានការចាប់អារម្មណ៍ពីមហាជន និងជាដំណឹង Fake នោះឡើយ។

អ្នកនាង ប៊ុន ចាន់និមល បានសម្ដែងក្ដីហួសចិត្តដល់អ្នករិះគន់ ដែលមិនបានយល់ពីស្ថានភាពច្បាស់លាស់ ហើយចាំតែបន្តុះបង្អាប់គ្នាឯង ខ្មែរគ្នាឯង និងបំបាក់ទឹកចិត្តគ្នា ជាពិសេសក្នុងពេលដែលវិស័យសិល្បៈកំពុងត្រូវបានយកចិត្តទុកដាក់ ពង្រឹងគុណភាពឡើងវិញ។ ប៊ុន ចាន់និមល និយាយថា «ពេលខ្ញុំឮព័ត៌មានហ្នឹង ខ្ញុំ Sad ដែរ ខ្ញុំគិតថា ហេតុអ្វីបានមនុស្សយើងមិនទុកចិត្តគ្នា មិនជឿគ្នា ពីព្រោះអ្នកដែលនិយាយហ្នឹង គឺជាអ្នកដែលនៅក្នុងវិស័យដូចគ្នា ហេតុអ្វីបានជាគាត់គិតអ៊ីចឹង សាស្ត្រាហ្វៀមអត់ដែលធ្វើអ៊ីចឹងបានទេ ពីព្រោះការផុស (បង្ហោះ) នេះ គឺបានទិន្នន័យចេញពីរោងភាពយន្ត..!»

ផលិតករវ័យក្មេងរូបនេះ បានបន្តថា មូលហេតុមួយទៀត គឺយើងមិនអាចទៅបោកប្រាស់នរណា ដើម្បីបានលទ្ធផលទេ ដោយមហាជនបានស្គាល់សាស្ត្រាហ្វៀម រយៈពេល៨ឆ្នាំមកហើយ, ហើយការដើរមកដល់ចំណុចនេះ គឺដោយសារតែការគាំទ្ររបស់បងប្អូន ព្រោះពេលត្រៀមចេញបញ្ចាំងរឿងម្ដងៗ គឺបងប្អូនរង់ចាំមើលភ្លូកទឹកភ្លូកដី គឺបញ្ជាក់ថា បងប្អូនស្រឡាញ់ និគាំទ្រស្នាដៃរបស់សាស្ត្រហ្វៀមច្រើន។ អ្នកនាង ប៊ុន ចាន់និមល បញ្ជាក់បន្ថែមថា ព័ត៌មានដែលទទួលបានថា យើងលក់សំបុត្របានច្រើន មានអ្នកចូលទស្សនាច្រើន ពេលចាក់បញ្ចាំងនៅថ្ងៃដំបូង គឺជាព័ត៌មានពិត ពីព្រោះយើងទទួលបានទិន្នន័យ ពីតំណាងផ្នែកលក់ពីរោងភាពយន្តផ្ទាល់តែម្ដង។

ដោយឡែកលោក ប៊ុន ម៉េង ជាអ្នកតំណាងផ្នែកលក់មកពីក្រុមហ៊ុន វេសធិច មេឌា ជាក្រុមហ៊ុនចែកចាយភាពយន្តនៅក្នុងប្រទេសកម្ពុជា បានថ្លែងឲ្យដឹងថា ទាក់ទងនឹងទិន្នន័យអ្នកចូលទស្សនាភាពយន្តរឿង «ហាមបិទភ្នែក» នេះ គឺពិតជាទទួលបានអ្នកគាំទ្រច្រើនមែនទែន។ យើងឃើញថា ការចាក់បញ្ចាំងរឿង «ហាមបិទភ្នែក» ថ្វីត្បិតតែបញ្ចាំងស្របគ្នាជាមួយនឹងភាពយន្តបរទេសដ៏ល្បី គឺរឿង «Marvel» ក្នុងថ្ងៃតែមួយក្ដី ប៉ុន្តែចំនួននៃការលក់សំបុត្រចូលទស្សនាភាពយន្តខ្មែរ គឺមិនចាញ់ទេ ហើយសរុបទាំងអស់សម្រាប់ថ្ងៃចាក់ដំបូង គឺបានលើសភាពយន្ត Marvel ទៅទៀត ដោយលោកយល់ថា គឺពិតជាអស្ចារ្យមែនទែន។

តំណាងចែកចាយរូបនេះ បានបន្តថា ចំពោះការចែកចាយ និងបង្ហោះថា ផលិតកម្ម ឬរោងភាពយន្តបង្ហោះពីទិន្នន័យអ្នកទស្សនាច្រើន ហើយជារឿងមិនពិតនោះ គឺមិនអាចទៅរួចនោះទេ ព្រោះរាល់រឿងរ៉ាវផ្សេងៗ ជាពិសេសទាក់ទងនឹងចំនួនអ្នកទិញសំបុត្រ ចូលទស្សនាដែលសាស្ត្រាហ្វៀមទទួលបាននោះ គឺជាទិន្នន័យច្បាស់លាស់ផ្ដល់ដោយរោងកុន និងពិតប្រាកដគ្រប់ពេល៕