(បរទេស)៖ កម្មវិធី TikTok មិនត្រូវបានរារាំងការប្រើប្រាស់នៅលើឧបករណ៍រដ្ឋាភិបាលក្នុងប្រទេសអូស្រ្តាលីដូចទៅនឹងការព្រួយបារម្មណ៍ថាប្រទេសនេះអាចនឹងរារាំងដូចបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។

មន្ត្រីរដ្ឋាភិបាលលោក Jim Chalmers បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា អូស្រ្តាលីមិនបានទទួលការណែនាំពីភ្នាក់ងារសន្តិសុខរបស់ខ្លួនដើម្បីធ្វើតាមគំរូរបស់សហរដ្ឋអាមេរិក សភាអឺរ៉ុប និងកាណាដាក្នុងការហាមឃាត់កម្មវិធីចែករំលែកវីដេអូរបស់ចិន TikTok ពីឧបករណ៍រដ្ឋាភិបាលនោះឡើយ។ ខណៈលោកបានថ្លែងប្រាប់ទូរទស្សន៍ ABC បន្ទាប់ពីមានការចោទសួរថាតើរដ្ឋាភិបាលនឹងពិចារណាលើការហាមប្រាមការប្រើប្រាស់ឧបករណ៍របស់រដ្ឋាភិបាលទាំងមូលលើ TikTok ដែរឬទេ?

ការហាមប្រាមនេះបានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលថារដ្ឋាភិបាលរបស់ប្រទេសចិនអាចប្រើប្រាស់ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance Ltd ដើម្បីប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ក្នុងការជំរុញផលប្រយោជន៍នយោបាយរបស់ខ្លួន និងជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ។

គួរបញ្ជាក់ដែរថា កម្មវិធី TikTok កំពុងតែត្រូវបានហាមឃាត់ពីការប្រើប្រាស់ជាច្រើនក្នុងសហភាពអឺរ៉ុប ដោយក្នុងនោះរួមមានគណៈកម្មការអឺរ៉ុប ព្រឹទ្ធសភាសហរដ្ឋអាមេរិក ប្រទេសឥណ្ឌា និង ប្រទេសកាណាដា ជាដើម៕