(ប៉ារីស)៖ លោក Just Fontaine ដែលជាអ្នកកាន់កំណត់ត្រា ជាកីឡាករដែលរកគ្រាប់បាល់ បានច្រើនជាងគេបំផុត ក្នុងព្រឹត្តិការណ៍ World Cup តែ១លើកនោះ បានស្លាប់ហើយ ក្នុងវ័យ៨៩ឆ្នាំ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

Fontaine បានរកគ្រាប់បាល់បាន១៣គ្រាប់ ត្រឹមតែក្នុង៦ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមជម្រើសជាតិបារាំង ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៥៨ នៅប្រទេសស៊ុយអែត ខណៈពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣។

លោកបានជាប់ចំណាត់ថ្នាក់ទី៤រួមគ្នា ក្នុងបញ្ជីកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ នៅ World Cup គ្រប់ពេលទាំងអស់ ជាមួយនឹងកីឡាករអាហ្សង់ទីន Lionel Messi។

សរុប Fontaine បានរកគ្រាប់បាល់៣០គ្រាប់ ត្រឹមតែ៣១ប្រកួតប៉ុណ្ណោះ សម្រាប់ក្រុមជម្រើសជាតិបារាំង ចម្លោះពីឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៦០។

​លោកបានចំណាយពេលវេលាច្រើន ជាមួយនឹងអាជីពលេងនៅក្លិបរបស់លោក Stade de Reims ដោយលោកបានរកគ្រាប់បាល់១៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន១៥២លើក សម្រាប់ក្លិប, បានឈ្នះពានរង្វាន់ Ligue 1​ ចំនួន៣លើក និងបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ European Cup ផងដែរ ជាការប្រកួតដែលពួកគេបានចាញ់ក្រុម Real Madrid។

សម្រាប់អាជីពគ្រូបង្វឹកវិញ លោកបានដឹកនាំក្លិប Paris St-Germain, ក្លិប Toulouse និងក្រុមជម្រើសជាតិម៉ារ៉ុកផងដែរ៕