(តូរីន)៖ ថ្នាក់ដឹកនាំនៃក្លិបបាល់ទាត់អាជីព Juventus បានដាក់ពាក្យប្តឹងជាផ្លូវការ ករណីកាត់ពួកគេ ១៥ពិន្ទុនៅក្របខណ្ឌលីគកំពូលអ៉ីតាលី Serie A រដូវកាលឆ្នាំ២០២២-២០២៣។

គណៈកម្មាធិការជាតិអូឡាំពិកអ៉ីតាលី (CONI) បានបញ្ជាក់ថា Juventus បានដាក់ពាក្យប្តឹងជំទាស់រឿងកាត់ ១៥ពិន្ទុចេញពី Serie A ដែលត្រូវបានធ្វើឡើងដោយសហព័ន្ធតែម្តង (FIGC) ក្នុងប្រកាសកាលពីខែមករា ឆ្នាំ២០២៣ កន្លងមក។

ករណីកាត់ ១៥ពិន្ទុនេះដែរ គឺបានកើតឡើងក្រោយពេលរកឃើញថា សេះបង្កង់ Juventus បានរំលោភទៅនឹងច្បាប់ផ្ទេរកីឡាករ ដើម្បីជួយពួកគេបានកៅអីលេងពានអឺរ៉ុប UEFA Champions League នាពេលកន្លងមក។

បច្ចុប្បន្នក្រុមដែលកំពុងដឹកនាំដោយលោក Massimiliano Allegri ស្ថិតនៅលេខរៀងទី៧ ជាបណ្តោះអាសន្នក្នុងលីគ ដាច់ ១០ពិន្ទុពីក្រុមស្ថិតក្នុងតំបន់ Top-4។ ប្រសិនបើពួកគេមិនត្រូវបានកាត់ ១៥ពិន្ទុទេនោះ Juventus នឹងស្ថិតនៅចំណាត់ថ្នាក់លេខ២ ដោយមាន ៥០ពិន្ទុ ដ្បិតពពកស Napoli នាំមុខ ១៥ពិន្ទុពីតំណែងកំពូលតារាងក៏ដោយ។

ក្រៅពី Juventus ត្រូវបានកាត់ ១៥ពិន្ទុពីក្នុងលីគនារដូវកាលនេះ FIGC ក៏បានដាក់បម្រាមលោក Agnelli អតីតប្រធានក្លិប Juventus រយៈពេល ២ឆ្នាំ និងលោក Nedved រយៈពេល ៨ខែផងដែរ ដែលមានការជាប់ពាក់ព័ន្ធករណីផ្ទេរខាងលើនេះ៕