(បរទេស)៖ ក្រុមហ៊ុន Amazon Web Services (AWS) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Amazon.Com បាននិយាយនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនគ្រោងបោះទុនវិនិយោគខ្ទង់ ៦ពាន់លានដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ីសម្រាប់រយៈពេល ១៤ឆ្នាំខាងមុខ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេវាកម្ម Cloud នៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

AWS បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះទុនវិនិយោគរបស់ខ្លួននឹងបង្កើតជាមជ្ឈមណ្ឌលហេដ្ឋារចនាសម្ព័ន្ធដែលនឹងរៀបចំសុវត្ថិភាពទិន្នន័យក្នុងប្រទេសម៉ាឡេស៊ី ពោលគឺរាល់អតិថិជនដែលប្រើប្រាស់សេវាកម្មរបស់ខ្លួននឹងត្រូវបានរក្សាទុកទិន្នន័យនៅក្នុងប្រទេសដោយសុវត្ថិភាព។

សេវាកម្ម Cloud របស់ AWS នឹងចូលខ្លួនទៅពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ Cloud នៅទូទាំងអាស៊ីអាគ្នេយ៍ ខណៈគោលដៅដំបូងនោះគឺប្រទេសម៉ាឡេស៊ីជាមួយនឹងការបម្រើសេវាកម្មជាង ២០០មុខ រួមទាំងការបង្កើនទំហំផ្ទុកទិន្នន័យ សេវាកម្ម robotics និង បញ្ញាសប្បនិម្មិត AI ជាដើម។

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ AWS ក៏បានប្រកាសការវិនិយោគចំនួន ៥ពាន់លានដុល្លារនៅក្នុងប្រទេសថៃផងដែរ៕