(សៀមរាប)៖ ដោយសង្កេតឃើញថាខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្តមានសត្វប្រចៀវមករស់នៅច្រើន ហើយទឹកនោមនិងលាមករបស់ពួកវាធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផង អាជ្ញាធរជាតិអប្សរាក៏បានដាក់សំណាញ់ការពារសត្វប្រចៀវ កុំឱ្យតោងនៅតាមទីតាំងមួយចំនួននៃដំបូលប្រាសាទអង្គរវត្ត។

លោក សយ សុភារិន្ទ អ្នកទទួលបន្ទុកកិច្ចការអភិរក្សនៅប្រាសាទអង្គរវត្ត​ នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ការងាររៀបចំដាក់សំណាញ់ការពារសត្វប្រចៀវនៅប្រាសាទអង្គរវត្ត ក្រុមការងារបានរៀបចំច្រើនកន្លែងមកហើយ ដូចជា នៅរួតបាកាណ និងរួតព្រះពាន់នៃប្រាសាទអង្គរវត្ត។

លោកបានបន្ថែមថា ដោយសង្កេតឃើញថា ខ្លោងទ្វារខាងលិចប្រាសាទអង្គរវត្ត មានសត្វប្រចៀវមករស់នៅច្រើន ហើយទឹកនោមនិងលាមករបស់ពួកវា ធ្វើឱ្យថ្មប្រាសាទពុកផុយ និងធុំក្លិនដល់ភ្ញៀវទេសចរផងដែរ។

សូមបញ្ជាក់ថា ការដាក់សំណាញ់ពេលនេះសរុបមានចំនួន១៦0ម៉ែត្រការ៉េ ដែលអនុវត្តក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕