(ភ្នំពេញ)៖ ធនាគារ ស្ថាបនា ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកម្ពុជា បានរៀបចំកម្មពិធីប្រគល់សញ្ញាបត្រ ដើម្បីអបអរសាទរដល់សិក្ខាកាមចំនួន ១២៩នាក់ ដែលបានបញ្ចប់វគ្គសិក្សា «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» ដែលប្រព្រឹត្តឡើងនៅអគារស្ថាបនា កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ វគ្គបណ្តុះបណ្តាលនេះ ជាចក្ខុវិស័យវែងឆ្ងាយ ដែលធនាគារ ស្ថាបនា បានផ្តួចផ្តើម និងកំពុងសហការជាមួយដៃគូអាជីវកម្ម ដើម្បីផ្តល់សេវាកម្មមិនមែនហិរញ្ញវត្ថុ ដែលអាចឆ្លើយតបទៅតាមតម្រូវការ និងផ្តល់ដំណោះស្រាយដល់ម្ចាស់មីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ជាពិសេសស្ត្រីក្នុងវិស័យអាជីវកម្ម។

កម្មពិធីនេះប្រារព្ធឡើងក្រោមវត្តមាន លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិនៃ ធនាគារ ស្ថាបនា លោក បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្ដិសហគ្រិនខ្មែរ លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា លោក ព្រូ ស៉ីថន នាយកគ្រប់គ្រងនាយកដ្ឋានភាពជាដៃគូក្នុងការចែកចាយ នៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងកញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិអភិវឌ្ឍន៍នៃ ធនាគារ ស្ថាបនា។

វគ្គបណ្តុះបណ្តាល «ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ» បានបង្កើតក្នុងឆ្នាំ ២០២២ ដែលមានការចូលរួមសហការពីដៃគូអាជីវកម្មដែលមានចក្ខុវិស័យដូចគ្នាដូចជា៖ សហគ្រិនខ្មែរ សាជីវកម្មធានាឥណទានកម្ពុជា និងក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា។ វគ្គបណ្តុះបណ្តាលនេះ បង្កើតឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ និងផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែប្រសើរឡើងសម្រាប់សហគ្រិនស្ត្រីនៅក្នុងមីក្រូសហគ្រាស សហគ្រាសធុនតូច និងមធ្យម ដោយផ្តល់ឱកាសបណ្តាញទំនាក់ទំនងអាជីវកម្ម និងវគ្គបណ្តុះបណ្តាលដូចជា ការគ្រប់គ្រងគម្រោង ការគ្រប់គ្រងហិរញ្ញវត្ថុ ទីផ្សារ ជំនាញលក់ និងវគ្គសិក្សាជាច្រើនទៀត។

លោក ហ្វុង កៃ ជីន ប្រធាននាយកប្រតិបត្តិ ធនាគារ ស្ថាបនា បានថ្លែងថា «យើងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលយើងបានបង្កើតវគ្គបណ្តុះបណ្តាលនេះដំបូងគេបង្អស់ ដើម្បីផ្តល់នូវចំណេះ និងជំនាញជូនម្ចាស់អាជីវកម្ម ដើម្បីយកទៅអនុវត្ត និងជួយដល់ការសម្រេចចិត្តលើការប្រើប្រាស់លើហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ គោលដៅរបស់យើង គឺយើងមានគោលបំណងបង្កើតនូវវគ្គបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុមួយ ដែលអាចជួយដល់សហគ្រិនឱ្យមានការយល់ដឹងកាន់តែច្បាស់អំពីហិរញ្ញវត្ថុ ដែលអាចជួយដល់ការអភិវឌ្ឍអាជីវកម្មរបស់ពួកគេបានយ៉ាងពិតប្រាដក»

នៅក្នុងកម្មវិធីនេះផងដែរ ធនាគារ ស្ថាបនា បានផ្ដល់ជូននូវវគ្គបណ្ដុះបណ្ដាលចំនួន ៥វគ្គ ដោយមានអ្នកចូលរួមជាម្ចាស់អាជីវកម្មជាង ១៥០ នាក់។ ទន្ទឹមនឹងនេះ ធនាគារ ស្ថាបនា ពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការបង្កើតវគ្គបណ្តុះបណ្តាលបែបសហគមន៍មួយ ដែលអាចឱ្យសហគ្រិនស្ត្រីមានឱកាសជួបជុំគ្នាដើម្បីសិក្សា និងបង្កើតបណ្តាញទំនាក់ទំនង។ ជាងនេះទៅទៀត វគ្គបណ្ដុះបណ្ដាលនេះបានផ្តល់នូវដំណោះស្រាយដើម្បឆ្លើយតបទៅនឹងឧបសគ្គធំៗមួយចំនួនរបស់សហគ្រិនស្ត្រីឱ្យបន្ត ឬ ពង្រីកអាជីវកម្មរបស់ពួកគាត់។

កញ្ញា ជេននីហ្វឺ លី នាយិកាប្រតិបត្តិអភិវឌ្ឍន៍នៃ ធនាគារ ស្ថាបនា បានថ្លែងថា «នៅក្នុងឆ្នាំនេះ យើងនឹងបន្តផ្តល់វគ្គបណ្ដុះបណ្ដាល "ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ" ការប្រឹក្សា និងការបំផុសគំនិតជាមួយនឹងការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់របស់ធនាគារ ស្ថាបនា ក្នុងការគាំទ្រ និងលើកកម្ពស់ដល់ស្ត្រីកម្ពុជា ជាពិសេសស្ត្រីក្នុងវិស័យអាជីវកម្ម ដើម្បីជួយឱ្យអាជីវកម្មរបស់ពួកគាត់កាន់តែរីកចម្រើន បង្កើនបណ្តាញទំនាក់ទំនង និងសម្រេចបាននូវគោលដៅរបស់ពួកគាត់។ សម្រាប់ឆ្នាំ២០២៣នេះ យើងនឹងបន្តអភិវឌ្ឍវគ្គបណ្ដុះបណ្ដាល “ខ្ញុំមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ" ឱ្យកាន់តែល្អប្រសើរឡើងដែលអាចផ្តល់នូវផលប្រយោជន៍ជាច្រើន ជាពិសេសផ្តល់នូវវគ្គបណ្តុះបណ្តាលអាជីវកម្ម និងជំនាញគ្រប់គ្រងដ៏សមស្របជូនដល់ម្ចាស់អាជីវកម្ម៕