(ភ្នំពេញ)៖ ក្លិបប្រដាលគុនខ្មែរ ចលនាយុវជនកម្ពុជា ក. ១៥៧ ទទួលបានជាង ១១ម៉ឺនដុល្លារ ពីការឧបត្ថមដោយលោកឧកញ៉ា ស្រី ចាន់ថន ដែលបានចុះពិនិត្យផ្ទាល់ ក្នុងការចំណាយសម្រាប់ក្លិបរយៈពេល ៥ឆ្នាំ ដែលមានលោក ពេជ្យ សុផាន់ ជាគ្រូបង្វឹក, នេះបើតាមប្រកាសរបស់លោកឧកញ៉ា នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។

តាមការបង្ហាញពីសំណាក់លោកឧកញ៉ា ស្រី ចាន់ថន ចំពោះការប្រគល់ជូនថវិការប្រមាណជាង ១១ម៉ឺនដុល្លារនេះ គឺមានក្តីរំពឹងនិងសង្ឃឹមថាការឧបត្ថមខាងលើនិបមានការជំរុញឲ្យកីឡាគុនខ្មែរមានការរីកចម្រើនមួយកម្រិតបន្ថែមទៀត។

លោកឧកញ៉ា បានឲ្យដឹងថា «ថ្ងៃនេះខ្ញុំបាទបានចុះមកមើលផ្ទាល់នឹងបានឧបត្ថម្ភថវិកាសរុបជូនដល់ក្លឹបកីឡាគុន​ខ្មែរ ចលនាយុវជនកម្ពុជា ក.157​ ចំនួន​ ជាង(11 ម៉ឺនដុល្លារ​) សម្រាប់ចំណាយក្នុងរយៈពេល 5ឆ្នាំបន្ត ខ្ញុំសង្ឃឹមថាការឧបត្ថម្ភនេះនឹងជំរុញឲ្យកីឡាគុនខ្មែររបស់យើងរីកចម្រើនមួយកម្រិតបន្ថែមទៀត គុនខ្មែរមិនរីកចម្រើនដោយខ្លួនឯងនោះទេ លុះត្រាណាតែយើងចូលរួមគាំទ្រទាំងអស់គ្នា ( I love Cambodia 🇰🇭)»។

គូសបញ្ជាក់ផងដែរថា រយៈពេលជាង ៤ឆ្នាំកន្លងមកនេះលោកឧកញ៉ា ស្រី ចាន់ថន បានជួយឧបត្ថមជាថវិការនិងសម្ភារៈផ្សេងៗជាច្រើនរួចមកហើយ ប៉ុន្តែដោយសារតែក្តីស្រលាញ់កីឡាគុនខ្មែរនៅថ្ងៃទី 02.03.2023 នេះលោកឧកញ៉ាក៏បានផ្តល់ជំនួយមួយកញ្ចប់ធំបន្ថែមទៀត ពោលគឺមានចំនួនសរុបទាំងអស់រហូតដល់ទៅជាង 11ម៉ឺនដុល្លារនេះ ដោយមិនមែនជាលើកទីមួយនោះទេ ដែលលោកឧកញ្ញ៉ា ស្រី ចាន់ថនបានធ្វើការឧបត្ថមគាំទ្រដល់វិស័យកីឡាគុនខ្មែរ ពោលគឺនាពេលកន្លងមកលោកតែងតែឧបត្ថមជាថវិកា ម៉ូតូ និងសម្ភារៈដល់ក្លឹបនិងកីឡាករជាច្រើនរួចមកហើយ។

លោកឧកញ៉ាបន្តបញ្ជាក់ផងដែរថា លោកនឹងបន្តជួយឧបត្ថមគាំទ្រដល់វិស័យកីឡាគុនខ្មែរនាពេលអនាគតបន្ថែមទៀត។ លោកបានបន្តថា លោកនឹងមានផែនការផ្សេងៗជាច្រើនទៀតដើម្បីនាំកីឡាគុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ ស្របពេលជាមួយគ្នា លោកសង្ឃឹមថាការឧបត្ថម្ភនេះនឹងជំរុញឲ្យកីឡាគុនខ្មែររបស់យើងឲ្យរីកចម្រើនមួយកម្រិតបន្ថែមទៀត។ លោកឧកញ៉ា បានមានប្រសាសន៍ថា «គុនខ្មែរមិនរីកចម្រើនដោយខ្លួនឯងនោះទេ លុះត្រាណាតែយើងចូលរួមគាំទ្រទាំងអស់គ្នា» មកដល់ពេលបច្ចុប្បន្នលោកឧកញ៉ា ស្រី ចាន់ថន ត្រូវបានប្រជាជនជាច្រើនដាក់ងារឲ្យលោកថាជានិមិត្តរូបរបស់វិស័យកីឡាគុនខ្មែររួចទៅហើយ៕