(អូតាវ៉ា)៖ អតីតអត្តពលិកកីឡាអូឡាំពិក អ្នកស្រី Charmaine Crooks ត្រូវបានតែងតាំងជាប្រធានស្តីទី នៃសមាគមបាល់ទាត់ប្រទេសកាណាដា នៅថ្ងៃពុធ, ខណៈស្ថាប័នមួយនេះ កំពុងស្វែងរកដំណោះស្រាយ លើជម្លោះការងារ ជាមួយនឹងក្រុមជម្រើសជាតិផ្នែកបុរស និងស្ត្រីរបស់ខ្លួន, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

អ្នកស្រី Crook វ័យ ៦០ឆ្នាំ គឺជាស្ត្រី និងជាជនជាតិស្បែកខ្មៅដំបូងគេ ដែលបានមានឱកាសចូលដឹកនាំសមាគមបាល់ទាត់កាណដា បន្ទាប់ពីបានបំពេញតួនាទី ជាអនុប្រធានសមាគមអស់រយៈពេល ២ឆ្នាំកន្លងមក ដែលតួនាទីនេះធ្វើឡើងបន្តពីលោក Nick Bontis ដែលបានលាលែងចេញពីតំណែងកាលពីថ្ងៃចន្ទ។

ក្រុមកីឡាការិនីបាល់ទាត់កាណដា ដែលកំពុងគ្រងតំណែង ជាម្ចាស់ពានរង្វាន់ជើងឯកអូឡាំពិកនោះ កាលពីពេលថ្មីៗនេះ ក៏មានការកើនឡើងនូវការតវ៉ារបស់ពួកគេ ជុំវិញបញ្ហាប្រាក់បៀវត្សរ៍ផងដែរ។

សូមរំលឹកថា អ្នកស្រី Crooks ធ្លាប់បានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Olympics ចំនួន ៥លើក និងបានឈ្នះមេដាយប្រាក់ចំនួន ១គ្រឿង នៅឯព្រឹត្តិការណ៍ Los Angeles Games ឆ្នាំ១៩៨៤ ក្នុងនាមជាសមាជិកម្នាក់ក្នុងក្រុម ៤នាក់ នៃវិញ្ញាសារត់ប្រណាំងរយៈចម្ងាយ ៤០០ម៉ែត្រ៕