(បាសេឡូណា)៖ កីឡាករវ័យក្មេង Joao Mendes ដែលជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធឆ្នើមលំដាប់កំពូលប្រេស៊ីល លោក Ronaldinho បានចុះកិច្ចសន្យា ជាមួយនឹងក្រុមយុវជនរបស់ក្លិប FC Barcelona, នេះបើតាមការប្រកាសពីក្លិបអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

Joao Mendes បច្ចុប្បនមានវ័យ ១៨ឆ្នាំ ដែលកាលពីពេលមុន បានបញ្ចប់កិច្ចសន្យារបស់លោក ជាមួយក្លិប Cruzeiro លេងនៅលីគ Serie B របស់ប្រេស៊ីលនោះ, ពេលនេះបានសម្រេចចូលរួមជាមួយការហ្វឹកហាត់ក្នុងក្រុមយុវជនរបស់ក្លិប FC Barcelona លើមូលដ្ឋានសាកល្បងចាប់តាំងពីខែមករាមក។

លោក Ronaldinho ដែលជាឪពុក បច្ចុប្បន្នកំពុងធ្វើការជាទូតសុឆន្ទៈរបស់ក្លិប Barcelona នោះ, ក៏ធ្លាប់បានចំណាយពេល ៥ឆ្នាំនៅកីឡដ្ឋាន Camp Nou ក្នុងនាមជាកីឡាករចាប់ពីឆ្នាំ២០០៣-២០០៨។

Ronaldinho បានលេងជាង ២០០ប្រកួតឲ្យក្លិប Barcelona និងបានរកគ្រាប់បាល់ជិត ១០០គ្រាប់, ហើយបានជួយឲ្យក្លិបឈ្នះពានរង្វាន់ Champions League និងពានរង្វាន់ LaLiga ចំនួន ២លើក ពេលដែលការលេងជាមួយក្រុមជម្រើសជាតិប្រេស៊ីល លោកបានឈ្នះពានរង្វាន់ World Cup ឆ្នាំ២០០២។

បញ្ជាក់ផងថា បើយោងតាមការចេញផ្សាយពី ESPN បានឲ្យដឹងថា កិច្ចសន្យារបស់ Mendes នឹងដំណើរការរហូតដល់រដូវក្តៅ ឆ្នាំ២០២៤៕