(ម៉ាឌ្រីដ)៖ ការប្រកួតជើងទី១ ពានរង្វាន់ទី២ របស់អេស្ប៉ាញ Copa del Rey វគ្គ ៤ក្រុមចុងក្រោយ បញ្ចប់ដោយលទ្ធផល ១-០ ដូចគ្នា ដ្បិតក្រុម FC Barcelona បានចំណេញការឈ្នះទៅលើគូប្រជែង Real Madrid ដោយសារតែខ្សែការពារ Eder Militao ធ្វេសប្រហែសធ្វើឲ្យចូលទីខ្លួនឯង។

ក្នុងការប្រជែងជើងទី១ នៃពាន Copa del Rey 2022-23 ដូចគ្នានោះដែរ ក្រុម Osasuna ក៏បានយកឈ្នះ Athletic Billbao ១-០ គ្រាដែល Barcelona ចំណេញបានលទ្ធផលនេះទៅលើ Real Madrid នៅពេលខ្សែការពារ Militao ធ្វើឲ្យចូលទីខ្លួនឯងនៅនាទី២៦ ដ្បិតពួកគេមានស្ថិតិគ្រប់គ្រងបាល់ និងឱកាសច្រើនជាងក៏ដោយ។

តាមរយៈលទ្ធផលនេះបានធ្វើឲ្យ Barcelona រកបានជ័យជម្នះវិញ ក្រោយពេលលេងចាញ់ Man United ហាលអាវពីក្នុងពាន Europa League និងចាញ់ក្រុម Almeria នៅលីគ La Liga ដែលស្ថិតក្រោមការដឹកនាំដោយលោក Xavi Hernandez។

សូមរំលឹកផងថា សម្រាប់ពាន Copa del Rey អ្នកមានបុណ្យ FC Barcelona ជាក្រុមជោគជ័យច្រើនជាងគេ ឈ្នះបានដល់ទៅ ៣១លើក ខណៈ Athletic Billbao ធ្វើបានចំនួន ២៣លើក ហើយ Real Madrid ធ្វើបាន ១៩លើក និងក្រុម Osasuna វិញបានត្រឹមរងជើងឯកម្តងប៉ុណ្ណោះ។

គួរបញ្ចាក់ផងថា ការប្រកួតជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី០៥-០៦ ខែមេសា ឆ្នាំ២០២៣ ដោយមានក្រុម Barcelona ត្រឡប់ធ្វើជាម្ចាស់ផ្ទះទទួលក្រុម Real Madrid ហើយក្រុម Athletic Billbao ប៉ះក្រុម Osasuna នៃការប្រជែងកៅអីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕