(កូរ៉េ)៖ តារា​សម្ដែង​កូរ៉េ​ខាង​ត្បូង Yoo Ah In បាន​ធ្វើ​តេស្តវិជ្ជមាន​ចំពោះ​ការ​ប្រើ​ប្រាស់​កូកាអ៊ីន និង​ខេតាមីន​ដោយ​ខុស​ច្បាប់​ ខណៈកន្លងទៅតារារូបនេះក៏ធ្វើតេស្តវិជ្ជមាន ចំពោះការប្រើប្រាស់កញ្ឆា និងថ្នាំ Propofol ផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន International The News នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ 

ប៉ូលីសបានចាប់ផ្តើមស៊ើបអង្កេតតារាសម្ដែងរូបនេះ ក្រោមការសង្ស័យនៃការប្រើប្រាស់គ្រឿងញៀនពីខែមុន ហើយពួកគេក៏បានធ្វើការឆែកឆេរ និងរឹបអូសការិយាល័យវេជ្ជបណ្ឌិតជាច្រើនកន្លែងផងដែរ។ តារាសម្តែងរូបនេះ ត្រូវបានគេចោទប្រកាន់ថាបានទទួលថ្នាំទាំងនេះតាំងពីឆ្នាំ២០២១។ ក្រោយ​ពីបាន​ធ្វើការស៉ើបអង្កេតរួចរាល់ តារារូបនេះបាន​ប្រគល់​សំណាក ​សក់ និង​ទឹកនោម​ទៅ​ប៉ូលិស។ សំណាក​ទឹកនោម​បាន​បន្ត​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​ការ​ប្រើប្រាស់​កញ្ឆា ចំណែក​ឯ​គំរូ​សក់​បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះ ketamine, cocaine និង Propofol។ 

យោងតាម សារព័ត៌មានកូរ៉េ Soompi បានឲ្យដឹងថា ប៉ូលីសកំពុងពិនិត្យមើលថាតើតារាប្រុស Yoo Ah In បានប្រើប្រាស់ ketamine ជាទម្លាប់ដែរឬទេ ហើយគ្រោងនឹងហៅលោកមកសាកសួរក្នុងពេលឆាប់ៗនេះ៕