(បរទេស)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នឹងធ្វើការសម្រេចចិត្តចុងក្រោយ ថាតើសម្រាប់ World Cup 2026 ត្រូវបែងចែកក្នុង ១ពូលមាន ៤ក្រុមដដែល ឬក៏មានតែ ៣ក្រុម។

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០២៦ នឹងលេងនៅ ៣ប្រទេសផ្សេងគ្នារួមមានអាមេរិក កាណាដា និងមិចស៊ិក ជាមួយនឹងការបន្ថែមក្រុមបានកើនពី ៣២ដល់ ៤៨ក្រុមផងដែរ។

ជាមួយគ្នានោះដែរ FIFA ក៏បានបើកកិច្ចប្រជុំអំពីការបែងចែកពូលដែលតាមធម្មតាក្នុង ១ពូលមាន ៤ក្រុម ស្មើនឹង ១២ពូល មកនៅត្រឹមតែ ៣ក្រុមក្នុង ១ពូលវិញ ដែលកើនដល់ទៅ ១៦ពូលវិញ។

សេចក្តីសម្រេចចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នៅប្រទេសស្ថិតក្នុងទី្វបអាហ្រ្វិក រ៉ាន់ដា (Rwanda)។

ទាក់ទងទៅនឹងរូបមន្តថ្មីដែលត្រៀមដាក់ចេញនេះដែរ លោក Victor Montagliani ប្រធានសហព័ន្ធបាល់ទាត់ប្រចាំតំបន់អាមេរិកខាងជើង CONCACAF បានថ្លែងប្រាប់ FT Business ដែរថា «សម្រាប់រូបមន្តនេះដែរ ស្តាប់ទៅគឺវាអស្ចារ្យណាស់ ក៏ប៉ុន្តែវាមានឧបសគ្គមួយចំនួនត្រង់ថា ក្រុមលេខ៣ នៅ World Cup ត្រូវត្រឡប់ទៅផ្ទះវិញ ក្រោយពេលលេងបានត្រឹម ២ប្រកួតក្នុងពូលរួចមក។ យើងត្រូវតែទទួលខុសត្រូវចំពោះរឿងនេះ ដោយមិនអាចធ្វើដូចនៅឆ្នាំ២០១៤ និងឆ្នាំ២០១៨ ទៀតទេ។ World Cup មិនអាចអូសបន្លាយលេងដល់ទៅ ៣ខែបានទេ»។

គួរបញ្ជាក់ផងថា ការបន្ថែមក្រុមកើនដល់ ៤៨ក្រុម (ប្រទេស) នៅ World Cup លើកទី២៣ នាឆ្នាំ២០២៦ ការប្រកួតសរុបអាចនឹងកើនពី ៨០ទៅដល់ ១០៤ប្រកួត៕