(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ អ៊ីនសួរ៉ិនស៍ (ខេមបូឌា) ម.ក (ដាយ អ៉ិឈិ ឡាយហ្វ៍) បានសម្រេចតែងតាំង លោក ពន្លឺ តុលា ជាអគ្គនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុនដែលនឹងមានសុពលភាព ចាប់ពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣នេះតទៅ។

លោក ពន្លឺ តុលា ទទួលតំណែងនេះបន្តពី លោក អាឡិន ថៃ ដែលជាអ្នករៀបចំបង្កើតក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ នៅក្នុងប្រទេសកម្ពុជា ដោះស្រាយបញ្ហាអំឡុងវិបត្តិជំងឺកូវីដ-១៩ និងជួយឲ្យក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អ៉ិឈិ ឡាយហ្វ៍ ក្លាយជាក្រុមហ៊ុនដែលមានការរីកលូតលាស់លឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

លោក Takashi Fujii នាយកប្រតិបត្តិប្រចាំតំបន់អាស៉ី-ប៉ាស៉ីហ្វិក របស់ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានថ្លែងថា «ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ខេមបូឌា នឹងស្ថិតក្នុងស្ថានភាពដ៏ល្អក្រោមការដឹកនាំរបស់លោក ពន្លឺ តុលា ។ លោកពន្លឺ តុលា គឺជាអ្នកដឹកនាំអាជីវកម្មមួយរូបពោរពេញទៅដោយបទពិសោធន៍ ភាពជោគជ័យ និងទទួលបានការគោរពជាច្រើន។ លោក តុលា ស្ថិតនៅក្នុងចំណោមអ្នកត្រួសត្រាវផ្លូវដំបូងគេនៅក្នុងវិស័យធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងសមិទ្ធិផលនៃការដឹកនាំផ្នែកចែកចាយផលិតផលធានារ៉ាប់រងអាយុជីវិត និងការកសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ»

លោកបន្តថា ការរួមបញ្ចូលគ្នានូវ បទពិសោធន៍យ៉ាងច្រើន ការយល់ដឹងច្រើនអំពីវប្បធម៌ និងការដឹកនាំគ្រប់គ្រងដ៏អស្ចារ្យទើបធ្វើឲ្យលោក ពន្លឺ តុលា ក្លាយជាបេក្ខជនដ៏ល្អបំផុតមួយក្នុងការដឹកនាំក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ឆ្ពោះទៅកាន់ភាពរីកចម្រើនថ្មីមួយទៀត។ ជាមួយគ្នានេះដែរ លោកសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អាឡិន ថៃ សម្រាប់ការដឹកនាំដ៏អស្ចារ្យ និងការរួមចំណែកជាច្រើនរបស់លោកនាពេលកន្លងមកជូន ដាយ អ៉ិឈិ ឡាយហ្វ៍ គ្រុប (Dai-ichi Life Group) និងជូនពរឲ្យលោកទទួលបានភាពជោគជ័យគ្រប់ភារៈកិច្ចនាពេលអនាគត»។

លោក ពន្លឺ តុលា អគ្គនាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ (ខេមបូឌា) បាននិយាយថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សខ្លាំងណាស់ដែលបានចូលបម្រើការងារជាមួយ ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង ។ កេរ្តិ៍ដំណែលដ៏អស្ចារ្យ និងប្រតិបត្តិការប្រកបដោយភាពជោគជ័យរបស់ដាយ អ៉ិឈិ ឡាយហ្វ៍ ហូលឌីង គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការផ្តល់ផលិតផលធានារ៉ាប់រងអាយុជីវិតដ៏ល្អឥតខ្ចោះ និងសេវាកម្មពាក់ព័ន្ធផ្សេងៗទៀត»។

លោកបន្តដោយលើកឡើងថា លោកមានសេចក្ដីរំភើបរីករាយយ៉ាងក្រៃលែង និងទទួលបានការរលើកទឹកចិត្ដ ដោយសារតែបានមើលឃើញពីភាពជោគជ័យ និងសន្ទុះដ៏ ខ្លាំងនាពេលបច្ចុប្បន្ននេះដែលក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ សម្រេចបានក្រោមការដឹកនាំដ៏ជោគជ័យរបស់លោក អាឡិន ថៃ។ លោកបានប្តេជ្ញាដឹកនាំក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ ទៅកាន់ភាពជោគជ័យថ្មីមួយទៀត ដោយឈរលើសមិទ្ធិផលដ៏អស្ចារ្យដែលមានស្រាប់ ក៏ដូចជាបន្តប្រកាន់ខ្ជាប់នូវទស្សនៈវិស័យ «អតិថិជនជាចម្បង» របស់ក្រុមហ៊ុន។

ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៩មក ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ បានផ្តល់ភាពស្ងប់ចិត្ដផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាជាង៩០០០គ្រួសារ តាមរយៈការចែកចាយផលិត ផលធានារ៉ាប់រងអាយុជីវិត និងផែនការសន្សំរយៈវែង។ ក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ មានបុគ្គលិកជាង ៣០០នាក់ និងមានសាខានៅរាជធានីភ្នំពេញ ខេត្ដបាត់ដំបង និងខេត្ដសៀមរាប៕

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ដាយ អ៉ិឈិ ឡាយហ្វ៍ សូមចូលទៅកាន់៖ https://dai-ichilife.com.kh/pages/ ឬតាមដានទំព័រ Facebook ៖ https://www.facebook.com/DaiichiLife.Cambodia