(បរទេស)៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA បានសម្រេចតែងតាំងនាង Adriana Lima តារាម៉ូដែលដ៏ល្បីប្រេស៊ីល ជាទូតសុឆន្ទៈសម្រាប់អ្នកគាំទ្រនៅជុំវិញពិភពលោកលើកដំបូងនៅចំពោះមុខស្ថានភាពរិះគន់យ៉ាងចាស់ដៃរឿងរៀបចំ World Cup 2023 ផ្នែកស្រ្តី។

នាង Lima ក៏បានបង្ហាញវត្តមានក្នុងពិធីចែកពាន Best Fifa Awards នាទីក្រុងប៉ារីស ប្រទេសបារាំងកាលពីរាត្រីថ្ងៃចន្ទកន្លងទៅផងដែរ។

តារាម៉ូដែលជើងចាស់ប្រេស៊ីល វ័យ ៤១ឆ្នាំខាងលើនេះ នឹងដើរតួនាទីសំខាន់ឲ្យ FIFA ក្នុងការអភិវឌ្ឍន៍ និងចូលរួមកម្មវិធីផ្សព្វផ្សាយនានានៅជុំវិញពិភពលោក នៅមុនពេលព្រឹត្តិការណ៍បាល់ទាត់ស្រ្តី Women’s World Cup 2023 ចាប់ផ្តើមនៅប្រទេសអូស្រ្តាលី និងណូវែលហ្សេឡង់ពីថ្ងៃទី២០ ខែកក្កដា។

លោក Gianni Infantino ប្រធាន FIFA បានថ្លែងប្រាប់ BBC ក្រោយពិធីតែងតាំងថា «Lima ប្រកបដោយភាពក្លៀវក្លា និងសកម្មភាពរស់រវើក។ នៅពេលអ្នកបានជួបនាងលើកដំបូង អ្នកពិតជាមានអារម្មណ៍កក់ក្តៅ ពោរពេញដោយចិត្តសប្បុរស ភាពបត់បែន និងលើកទឹកចិត្ត ជាអ្វីដែលការប្រកួតពួកយើងត្រូវការ»

សម្រាប់លោក Moya Dodd អតីតសមាជិកក្រុមប្រឹក្សា FIFA មួយរូបចន្លោះឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ នោះក៏បានថ្លែងឲ្យដឹងដែរថា «ពេលអ្នកឃើញស្រ្តីលេងបាល់ទាត់ ពិភពលោកមើលទៅវាចំឡែក។ ជំនួសឲ្យរឿងនេះវិញ នាងជានារីម្នាក់ដែលស្អាត សមសួន និងពិតជាមានតម្លៃសម្រាប់ការផ្សព្វផ្សាយរបស់ពួកយើងជាពន់ពេក»