(ភ្នំពេញ)៖ ក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា ទទួលបានការអញ្ជើញចូលរួមប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្តៅសាច់ដុំដណ្តើមពាន Merlion Cup 2023 ដែលនេះជាការប្រកួតត្រៀមលក្ខណៈចូលរួមប្រជែងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមកម្ពុជា ទទួលសិទ្ធិរៀបចំលើកទី៣២។

ក្នុងការប្រកួតមិត្តភាពអន្តរជាតិពានរង្វាន់ Merlion Cup 20223 នេះ មានប្រទេសសិង្ហបុរី ជាម្ចាស់ផ្ទះនៃការប្រកួត ហើយមានការចូលរួមពីក្រុមជម្រើសជាតិអាយុក្រោម U22 កម្ពុជា, ម៉ាឡេស៊ី និងហុងកុង ដែលនិងចាប់ផ្តើមពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមីនាខាងមុខនេះ។

បញ្ជាក់ផងថា នេះជាការប្រកួតមិត្តភាពអន្តរជាតិអាយុក្រោម U22 របស់កម្ពុជា ក្រោយពេលបោះជំរុំហ្វឹកហាត់នៅប្រទេសថៃ ក៏ដូចជាការប្រកួតជាមួយក្រុមអាជីពមួយចំនូន ខណៈបន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ Merlion Cup 20223 ក្រុមគោព្រៃជំទងកម្ពុជា ក៏គ្រោងនឹងចេញទៅបោះជំរំហ្វឹកហាត់នៅថៃម្ដងទៀត ដើម្បីសម្រួចសមត្ថភាព បច្ចេកទេស និងយុទ្ធសាស្ដ្រឲ្យបានខ្លាំង រហូតដល់ការប្រកួតកីឡាស៊ីហ្គេមតែម្ដង ដោយពុំមានការរំសាយឡើយ។

គួរដឹងថា ក្នុងនាមម្ចាស់ផ្ទះ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសាបាល់ទាត់បុរស កម្ពុជាបានកំណត់វិញ្ញាសាប្រកួតអាយុក្រោម ២២ឆ្នាំ ដោយមិនមានកូតាកីឡាករលើសអាយុឡើយ។ ហើយតាមរយៈនេះ សហព័ន្ធបានកោះហៅកីឡាករ ៣០នាក់ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់លើកទី១ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda ដើម្បីសម្រាំងយកកីឡាករឆ្នើម ២៣នាក់ចុងក្រោយ ធ្វើការប្រកួតប្រជែង និងដណ្ដើមមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាពេលខាងមុខ៕