(ភ្នំពេញ)៖ វិថីហិរញ្ញវត្ថុ (Financial Street) គឺជាកម្មវិធីមួយ ដែលត្រូវបានរៀបចំឡើងប្រកបដោយទស្សនៈ និងគោលដៅវែងឆ្ងាយ (Roadmap) ដោយផ្តោតសំខាន់លើច្បាប់ គោលរការណ៍ការពារអ្នកប្រើប្រាស់ (customer protection) អក្ខរកម្មហិរញ្ញវត្ថុ (financial literacy) សុវត្ថិភាពហិរញ្ញវត្ថុក្នុងប្រព័ន្ធឌីជីថល (digital security) និងហានិភ័យនានាក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ។

ជាមួយគ្នានេះ ដើម្បីសម្រេចគោលដៅដ៏វែងឆ្ងាយ និងមានសារៈសំខាន់សម្រាប់កម្ពុជា កម្មវិធី «វិថីហិរញ្ញវត្ថុ» ទទួលបានការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាពិសេសគឺធនាគារជាតិនៃកម្ពុជា (NBC) សមាគមមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមជាគំនិត សហការណ៍ផ្សព្វផ្សាយ និងជជែកពិភាក្សាដើម្បីឱ្យកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុនេះកាន់តែមានលក្ខណៈស៊ីជម្រៅ និងទូលំទូលាយពីមួយជំហានទៅមួយជំហាន។

អ្នកស្រី នុត រត្ថា នាយិកាប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស (AMS) នៅក្នុងឱកាសប្រកាស បើកសម្ពោធដំណើរការផ្សព្វផ្សាយជាផ្លូវការ នាព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ បានថ្លែងថា ដោយសារតែវិស័យហិរញ្ញវត្ថុជាឆ្អឹងខ្នងយ៉ាងសំខាន់នោះ AMS បានសហការរួមគ្នា ជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA), សមាគមធនាគារនៃកម្ពុជា (ABC) និងក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូអិលធីឌី (CBC) និងក្រោមការគាំទ្រយ៉ាងខ្ពង់ខ្ពស់ពីធនាគារជាតិនៃកម្ពុជា (NBC) ផលិតកម្មវិធីមួយឈ្មោះថា «វិថីហិរញ្ញវត្ថុ» (Financial Street) ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយពីអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ទៅកាន់សាធារណជនឲ្យកាន់តែទូលំទូលាយ។

អ្នកស្រីបានសង្កត់ធ្ងន់ផងដែថា បច្ចុប្បន្ននេះ ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៦០ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ៥ គ្រឹះស្តាមីក្រូហិរញ្ញវត្ថុ មិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះស្ថានកតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្ដល់សេវាទូទាត់សងប្រាក់ ៤ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៨៦៩។

នៅឆ្នាំ២០២២កន្លងទៅនេះ ប្រព័ន្ធធនាគារកម្ពុជាសម្រេចបានលទ្ធផលល្អ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រក៏ណើនសេដ្ឋកិច្ច ដែលត្រូវបានបានស្មានថា ងើបឡើងវិញក្នុងអត្រា ៥.១%។ អត្រាប្ដូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិកត្រូវបានរក្សាមានស្ថិរភាពក្នុងរង្វង់ ៤១០២រៀល ក្នុង១ដុល្លារអាមេរិក ហើយអត្រាអតិផរណាប្រចាំឆ្នាំ២០២២ មានកម្រិត ៥,៥%។ ប្រព័ន្ធធនាគារហិរញ្ញវត្ថុ បានផ្តល់ឥណទានទៅកាន់វិស័យសេដ្ឋកិច្ច (Rand Sector) ជាមួយ កំណើន ២១% ប្រមាណជា ៥៦ ប៊ីលានដុល្លារអាមេរិក, ប្រាក់បញ្ញើអតិថិជនកើនជាង ១១% ឬប្រមាណជាង ៤៤ប៊ីលានដុល្លារអាមេរិក។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនកើនពី ១២,៧លានគណនី ដល់ ១៤,៣លានគណនី និងគណនីឥណទានអតិថិជនពី ៣,៤លានគណនី ដល់ ៣,៧លានគណនី។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ជឿជាក់ថា កម្មវិធី «វិថីហិរញ្ញវត្ថុ-Financial Street» ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណៈជន សំដៅពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។ ជាការពិត ចំណេះដឹងហិរញ្ញវត្ថុគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលអនុញ្ញាតឲ្យយើងមានសមត្ថភាព ក្នុងការចេះគ្រប់គ្រងចាត់ចែងហិរញ្ញវត្ថុ ឲ្យបានត្រឹមត្រូវ មានប្រសិទ្ធភាព និងរួចផុតពីបំណុលច្រើនលើសលុប។

លោក សុខ វឿន បានបន្ថែមទៀតថា «ពេលដែលយើងនិយាយពីចំណេះដឹងហិរញ្ញវត្ថុ គឺមានភាពទូលំទូលាយខ្លាំង ដែលរួមមាន ការចេះរៀបចំទុកដាក់លុយកាក់ ចាត់ចែងចំណូលចំណាយ ការរក្សាទុកប្រាក់សន្សំ ការចេះគ្រប់គ្រង និងប្រើប្រាស់ប្រាក់កម្ចី ឲ្យបានត្រឹមត្រូវ ដើម្បីភាពរីកចម្រើនជាដើម។ យ៉ាងណាមិញ យើងសង្កេតឃើញថា បច្ចុប្បន្ន ការយល់ដឹងផ្នែកហិរញ្ញវត្ថុ ក្នុងចំណោមប្រជាជនកម្ពុជា ហាក់នៅមានកម្រិតនៅឡើយ»

លោក សុខ វឿន បានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសធនាគារជាតិ នៃកម្ពុជា លើកិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។ កិច្ចការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ ដល់សាធារណៈជន មិនត្រឹមតែជាកិច្ចការ មួយផ្នែករបស់សមាគមប៉ុណ្ណោះទេ ប៉ុន្តែសមាគមបានដាក់ការងារនេះ ជាការងារអាទិភាពដ៏សំខាន់ ក្នុងផែនការយុទ្ធសាស្ត្ររបស់សមាគមផ្ទាល់រហូតមកផងដែរ។

លោកជឿជាក់យ៉ាងមុតមាំថា សកម្មភាពទាំងឡាយពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុ ដែលសមាគមបានអនុវត្ត និងគ្រោងអនុវត្តជាបន្តបន្ទាប់ មិនត្រឹមតែចូលរួមសម្រេចបាននូវផែនការយុទ្ធសាស្ត្រ របស់សមាគមប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយដ៏សំខាន់ ដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ របស់ធនាគារជាតិនៃកម្ពុជាផងដែរ។