(មណ្ឌលគិរី)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី និងក្រុមហ៊ុនខូហ្វី តាមរយៈអង្គការ SNV ក្រោមជំនួយមូលនិធិហូឡង់ សម្រាប់ការអភិវឌ្ឍន៍អាកាសធាតុ (DFCD) បានចុះកិច្ចព្រមព្រៀងសហការក្នុងការចាប់ផ្តើមអនុវត្តគម្រោង «ការអភិវឌ្ឍដំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី»។

ការចុះកិច្ចព្រមព្រៀងសហការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ នៅខេត្តមណ្ឌលគិរីផ្ទាល់តែម្តងក្រោមអធីបតីភាព លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី និងលោក សុខ ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក Rik Overmars តំណាងអង្គការ SNV និងលោកបណ្ឌិត khoa le អ្នកជំនាញដំណាំកាហ្វេ មកពីវិទ្យាស្ថានស្រាវជ្រាវកសិកម្ម WASI VN រួមទាំងបងប្អូនប្រជាកសិករផងដែរ។

លោក ហ៉ឺ តារា តំណាងក្រុមហ៊ុនបានលើកឡើងថា «បច្ចុប្បន្នយើងបានមើលឃើញថា ដំណាំកាហ្វេក្នុងខេត្តមណ្ឌលគិរី កំពុងដាំដុះភាគច្រើន ដោយជនជាតិដើមភាគតិចភ្នង ដែលមានទិន្នផល និងគុណភាពមិនទាន់ប្រសើរ ដោយសារកសិករខ្វះជំនាញ និងបច្ចេកទេសក្នុងការដាំដុះ ថែទាំ និងការទុកដាក់ក្រោយពេលប្រមូលផល ការកែឆ្នៃពីគ្រាប់កាហ្វេទុំមកជា គ្រាប់កាហ្វេឆៅ ឬ គ្រាប់កាហ្វេបៃតង ត្រូវបានធ្វើឡើងតាមទម្លាប់ពីមុនៗមកតាមគ្នា និងដោយផ្ទាល់ដៃ ដែលជាហេតុធ្វើឲ្យគុណភាពធ្លាក់ចុះ ហើយត្រូវប្រើប្រាស់កំលាំងពលកម្មច្រើន និងគ្រាប់កាហ្វេឆៅ ទទួលបានតម្លៃទាប ហើយគ្មានទីផ្សារច្បាស់លាស់ ខណៈកត្តាទាំងអស់នេះហើយ ដែលធ្វើអោយកសិករភាគច្រើន បានបោះបង់ដំណាំកាហ្វេ និងប្តូរទៅដាំដំណាំផ្សេងវិញ»

លោកបានបន្តថា ថ្ងៃនេះជាថ្ងៃដ៏ពិសេសរបស់ក្រុមហ៊ុន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដែលបានចុះកិច្ចព្រមព្រៀងសហការក្នុងការចាប់ផ្តើមអនុវត្តគម្រោង «ការអភិវឌ្ឍដំណាំកាហ្វេ នៅក្នុងខេត្តមណ្ឌលគិរី» ដោយក្រុមហ៊ុន និងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងចាប់ផ្តើមធ្វើការជាមួយកសិករ កែលំអរគុណភាព និង ពង្រីកការដាំដុះដំណាំកាហ្វេ អោយស្របតាមតម្រូវការទីផ្សារ និងបង្កើនផលិតភាព ដែលអាចអោយកសិករទទួលបាន នូវជីវភាពល្អប្រសើរពីដំណាំកាហ្វេ។

ក្រៅពីសហការគ្នាជាមួយមន្ទីរ ដើម្បីបណ្តុះបណ្តាល ក៏ដូចជាផ្តល់នូវជំនាញ និងបច្ចេកទេស ក្នុងការដាំដុះ និងថែទាំដំណាំកាហ្វេផងដែរ។ នៅក្នុងគម្រោងនេះ ក្រុមហ៊ុនផ្ទាល់នឹងបង្កើតជាទីតាំងប្រមូលទិញ និងស្តុកទុកគ្រាប់កាហ្វេ កន្លែងកែរឆ្នៃគ្រាប់កាហ្វេ កន្លែងបណ្តុះកូនពូជ និង ស្រាវជ្រាវដំណាំកាហ្វេ ហើយក្រុមហ៊ុននឹងបង្កើតជាកសិដ្ឋានគំរូ ដើម្បីបណ្តុះបណ្តាលបងប្អូនកសិករ ហើយក៏ជាកន្លែងអប់រំសាធារណៈ ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរដែលស្រលាញ់ និងចូលចិត្តទទួលទានកាហ្វេផងដែរ។

ទីតាំងរបស់ក្រុមហ៊ុន កំពុងតែអភិវឌ្ឍន៍មានទីតាំង នៅក្នុងស្រុកអូរាំង តាមបណ្តាលផ្លូវជាតិលេខ ៧៦ ដែលមានចំងាយ ២០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ។ សរុបសេចក្តីមក នៅក្នុងគម្រោងនេះ ក្រុមហ៊ុននឹងធានាបាននូវទីផ្សារសម្រាប់ទិន្នផលកាហ្វេ ដែលមានគុណភាពពីសំណាក់ប្រជាកសិករដំណាំកាហ្វេ។

ជាមួយគ្នានេះ ក្រុមហ៊ុនខូហ្វី និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី សង្ឃឹមយ៉ាងមុតមាំថា ការសហការគ្នាមួយនេះ ពិតជាអាចជួយអោយប្រជាកសិករ ដែលដាំដំណាំកាហ្វេមានក្តីសង្ឈឹមឡើងវិញ និងបន្តដាំដើមកាហ្វេអោយបានច្រើនថែមទៀត តាមរយៈគម្រូនៃការដាំដុះដោយចិរភាពអំពីគម្រោងរបស់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខូហ្វី ជាក្រុមហ៊ុនខ្មែរក្នុងស្រុក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៩ បាននាំចូល និងចែកចាយម៉ាស៊ីនឆុងកាហ្វេ គ្រាប់កាហ្វេ និងគ្រឿងផ្សំផ្សេងៗពីទូទាំងពិភពលោកមកកាន់ទីផ្សារកម្ពុជា និងមានចក្ខុវិស័យ ជាអ្នកនាំមុខគេក្នុងវិស័យឧស្សាហកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើវិជ្ជាជីវៈនិយម និងការបង្កើតថ្មី។ ក្រៅពីនេះ ក្រុមហ៊ុនខូហ្វីក៏មានបើកវិទ្យាស្ថានខូហ្វី ក្នុងការ បណ្តុះបណ្តាល និងពង្រឹងជំនាញវិជ្ជាជីវៈអ្នកឆុងកាហ្វេ ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ ហើយក៏ជាវិទ្យាស្ថានឆុងកាហ្វេជំនាញតែមួយគត់នៅកម្ពុជា ដែលទទួលការគាំទ្រនិងសហការយ៉ាងជិតស្និទ ពីក្រសួងទេសចរណ៍ និង សមាគមទេសចរណ៍កម្ពុជា។

ក្រុមហ៊ុនខូហ្វី បាននាំចូលកាហ្វេលីងស្រាប់ និងវិចខ្ចប់រួចជាស្រេចពីប្រទេសអ៊ីតាលីដើម្បីផ្គត់ផ្គង់និងចែកចាយនៅក្មុងទីផ្សារប្រទេសកម្ពុជា រហូតមកដល់ឆ្នាំ២០១៣ ក្រុមហ៊ុនបានធ្វើការអភិវឌ្ឍ និងចាប់ផ្តើមលីងកាហ្វេដោយខ្លួនឯងដោយ និងបានដាក់ឈ្មោះថា កាហ្វេអរុណ។ ហើយជាបន្តបន្ទាប់មកទៀត ក្រុមហ៊ុនខូហ្វីក៏បានបង្កើតរសជាតិ កាហ្វេ៣មុខ ទៀតសម្រាប់អតិថិជនយកទៅធ្វើអាជីវកម្មបន្ត ដែលមានឈ្មោះថា កាហ្វេសាយ័ណ្ហ ក្នុងឆ្នាំ២០១៦ និងកាហ្វេគិរី និងកាហ្វេសាគរ ក្មុងឆ្នាំ២០២០។ ហើយនៅក្នុង ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុនក៏បានបង្កើតចេញកាហ្វេចំនួន២មុខ ផ្សេងទៀតសម្រាប់អតិថិជនទទួលទាននៅតាមគេហដ្ធានគឺ កាហ្វេវាយោ និងកាហ្វេវេហា។ ក្រុមហ៊ុនក៏បានសហការបង្កើតកាហ្វេរាប់រយមុខទៀតជាមួយដៃគូអាជីវកម្មនៅតាមភោជនីដ្ឋាន សណ្ឋាគារ និង ហាងកាហ្វេផ្សេងៗ។

រាល់ផលិតផលកាហ្វេរបស់ក្រុមហ៊ុនខូហ្វី ត្រូវបានផលិតឡើងដោយអ្នកជំនាញដែលមានបទពិសោធន៍និងការបណ្តុះបណ្តាល ជាមួយនិងម៉ាស៊ីនលីងនិងប្រព័ន្ធគ្រប់គ្រងដែលមានបច្ចេកវិជ្ចាទំនើប និង ប្រកបដោយអនាម័យខ្ពស់។ ជាក់ស្តែងក្រុមហ៊ុនខូហ្វីជាក្រុមហ៊ុនតែមួយគត់នៅប្រទេសកម្ពុជា ដែល ទទួលបាននូវ វិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពចំណីរអារហារពិភពលោក GHPs HACCP និង ISO 22000 ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ចាក់ពីគោលការណ៍អនុវត្តអនាម័យល្អពីក្រសួងសុខាភិបាលផងដែរ។

សម្រាប់ព័ត៌មានលម្អិតលោកអ្នកអាចតាមដាននៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd និងសម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងនៅទីតាំងបង្ហាញផលិតផលរបស់ក្រុមហ៊ុន ខូហ្វី ផ្លូវម៉ៅសេតុង និងទូរស័ព្ទលេខ 069 666 999 / 077 777 970 Website: www.kofi.com.kh៕