(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ទទួលបានការអនុម័តជាផ្លូវការលើការកាត់បន្ថយពន្ធជាង ៣៣០លានដុល្លារ ក្នុងគម្រោងបោះទុនវិនិយោគប្រហែល ៣.៦ពាន់លានដុល្លារនៅក្នុងរដ្ឋ Nevada ដើម្បីពង្រីកអគារ Gigafactory របស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

កាលពីខែមករា កន្លងទៅ Tesla ធ្លាប់បានប្រកាសបង្ហាញឱ្យដឹងថា នឹងបោះទុនវិនិយោគទៅលើអគារ Gigafactory របស់ខ្លួននៅក្នុងរដ្ឋ Nevada ជាមួយនឹងការពង្រីករោងចក្រថ្មីទាំងពីរនៅទីនោះ។ ក្នុងចំណោមរោងចក្រថ្មីទាំងពីរនោះ នឹងមានរោងចក្រមួយចាប់ផ្តើមផលិតរថយន្តដឹកទំនិញ semi-electric truck ខណៈរថយន្តនេះត្រូវបានក្រុមហ៊នពន្យាពេលជាយូរមកហើយ។

ជុំវិញគម្រោងពង្រីកទីតាំងសក្តានុពលរបស់ខ្លួន នឹងអាចផលិតអាគុយបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់រថយន្តធន់ស្រាលបានដល់ចំនួន ២លានគ្រឿងក្នុងមួយឆ្នាំ រួមទាំងអាចផលិតអាគុយអគ្គិសនីទំហំ4680 បានច្រើនដងក្នុងមួយឆ្នាំគិតត្រឹមឆ្នាំ២០៣០ អាចផលិតបានជិត ១០០ដង។

គួរបញ្ជាក់ដែរថា នេះជាលើកទីពីរហើយដែល Tesla ទទួលបានការកាត់បន្ថយពន្ធពីរដ្ឋ Nevada ដោយលើកទី១ គឺកាលពីឆ្នាំ២០១៤ នៅពេលដែលអភិបាលរដ្ឋ Brian Sandoval បានចុះហត្ថលេខាលើសេចក្តីពា្រងច្បាប់មួយដើម្បីផ្តល់ការលើកលែងពន្ធចំនួន ១.៣ ពាន់លានដុល្លារ និងការលើកទឹកចិត្តផ្សេងទៀត៕