(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា ស្ត្រីគ្រប់ជាន់ថ្នាក់ គឺជាមាតាដៃមួយពាន់ និងដៃមួយម៉ឺន ក្នុងកិច្ចការក្នុងគ្រួសារ និងជួយអភិវឌ្ឍសង្គមជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងការជម្រុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ គឺនៅមានសក្តានុពលច្រើនទៀត។

ក្នុងឱកាសដែលលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងលោកស្រី និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី អញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ឆ្នាំ២០២៣ ក្រោមការរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរកិច្ចការនារីខេត្ត ក្រោមប្រធានបទ (ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល) ដែលធ្វើឡើងនៅសាលប្រជុំ (គ) សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២៣នេះ។

ក្នុងឳកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ លើកឡើងបន្តថា រដ្ឋបាលខេត្តត្បូងឃ្មុំ មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ គឺដោយសារពាក្យថា «អរគុណសន្តិភាព» កត្តាសន្តិភាពនេះហើយដែលនាំឱ្យនាវាកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ធ្វើឲ្យសេដ្ឋកិច្ចមានការកើនឡើងគួរឲ្យកត់សម្គាល់ តាមរយៈការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត ក៏ដូចជាវិស័យឯកជន ក្នុងនោះទំនិញនាំចេញនាំចូល ក៏មានការកើនឡើងផងដែរ។

លោកបណ្ឌិត អភិបាលខេត្ត បានគូសបញ្ជាក់ថា តម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រ ដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមគ្រប់ស្ថាប័នរួមទាំងបុរស និងស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទី របស់ស្ត្រីនិងសុខុមាលភាពសង្គម ដើម្បី អភិវឌ្ឍធនធានមនុស្សប្រកបដោយ គុណភាពនិងប្រសិទ្ធភាព។

ពិសេសជាងនេះ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងបានចាត់ទុកសមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីជាការងារអាទិភាពដែលត្រូវបន្តអនុវត្ត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញដល់មន្ត្រីរាជការក៏ដូចជានារីគ្រប់រូប ត្រូវតែបន្តការសិក្សារៀនសូត្រ និងស្វែងយល់បន្ថែមទៀតលើបច្ចេកវិទ្យាក្នុងការពង្រឹងសមត្ថភាព ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័ន និងប្រទេសជាតិ។

គួរបញ្ជាក់ថា ទិវាអន្តរជាតិនារី៨មីនា សម្រាប់រំលឹកពីការតស៊ូរបស់នារីពលករទូទាំងសកលលោកដើម្បីសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តន៍សិទ្ធិ ស្មើភាពគ្នារវាងបុរសនិងនារី ដោយភ្ជាប់ជាមួយពាក្យស្លោកថា «មួយថ្ងៃធ្វើការ៨ ម៉ោង, ធ្វើការស្មើគ្នាបៀវត្សស្មើគ្នា និងការពារសុខភាពមាតានិងកុមារ»