(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានចេញសេចក្តីប្រកាសទៅដល់សហព័ន្ធកីឡាជាតិ ដែលត្រៀមរៀបចំការប្រកួតកីឡាសុីហ្គេម (Sea Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់នេះ តម្រូវឱ្យប្រើប្រាស់តែឧបករណ៍ និងសម្ភារៈ ដែលគណៈកម្មាធិការបានកំណត់ប៉ុណ្ណោះ ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេម នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។

យោងតាមការប្រកាសរបស់គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម CAMSOC នេះ គឺដើម្បីការពារបុព្វសិទ្ធិព្រឹត្តិការណ៍ Sea Games – ASEAN Para Games ឆ្នាំ២០២៣ និងការសិទ្ធិម្ចាស់ឧបត្ថម្ភកម្មវីធីនៃក្រុមហ៊ុនដៃគូឧបត្ថម្ភរបស់ CAMSOC សូមសហព័ន្ធកីឡាទាំងអស់ គោរពតាមគោលការណ៍ចលនូបត្ថម្ភ និងទីផ្សារ ដូចខាងក្រោម៖

១៖ សហព័ន្ធកីឡាជាតិ មានសិទ្ធិប្រើប្រាស់ស្លាក់សញ្ញា “ Logo “ និង “ Mascot “ ក្នុងគោលបំណងផ្សព្វផ្សាយព្រឹត្តិការណ៍ ប៉ុន្តែមិនអនុញ្ញាតឱ្យយកធ្វើពាណិជ្ជកម្ម ដើម្បីរកកម្រៃ ឬផ្សាយភ្ជាប់ស្លាកសញ្ញាផលិតផលក្រុមហ៊ុនឯកជនផ្សេងៗបានឡើយ។

២៖ សំលៀកបំពាក់កីឡា ឬសំលៀកបំពាក់ប្រកួតកីឡាគ្រប់សហព័ន្ធកីឡាជាតិ ត្រូវប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុនផ្គត់ផ្គង់ផ្តាច់មុខ ដែលចុះកិច្ចសន្យាជាមួយ CAMSOC លើកលែងតែសំលៀកបំពាក់ ដែល CAMSOC មិនអាចផ្តល់ឱ្យបាន។

៣៖ ឧបករណ៍-សម្ភារៈកីឡា សម្រាប់ការប្រកួតក៏ត្រូវប្រើប្រាស់ផលិតផលរបស់ CAMSOC និងក្រុមហ៊ុនដៃគូ លើកលែងតែឧបករណ៍-សម្ភារៈកីឡា ដែល CAMSOC មិនអាចផ្គត់ផ្គង់ឱ្យបាន។

៤៖ សហព័ន្ធកីឡាជាតិ មិនមានសិទិ្ធទទួល ឬ អនុញ្ញាតឱ្យផ្សព្វផ្សាយក្រុមហ៊ុនឧបត្ថម្ភប្រចាំសហព័ន្ធរបស់ខ្លួនឡើយ៕