(ប៉ារីស)៖ កីឡាករ Achraf Hakimi របស់ក្លិប Paris St Germain កំពុងប្រឈមមុខនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្ម ក្នុងប្រទេសបារាំង បន្ទាប់ពីមានការចោទប្រកាន់ ពីបទរំលោភសេពសន្ថវៈមួយ ត្រូវបានធ្វើឡើងចំពោះរូបលោក, នេះបើតាមមន្ត្រីមួយរូប មកពីការិយាល័យអយ្យការ Nanterre ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។

Hakimi ដែលជាកីឡាករអន្តរជាតិម៉ារ៉ុកនោះ ភ្លាមៗនេះ មិនអាចសុំការបកស្រាយបាននៅឡើយនោះទេ។ មេធាវីរបស់លោក កាលពីពេលមុននេះ បានលើកឡើងថា ការចោទប្រកាន់ពីបទរំលោភនោះ គឺមិនពិតនោះទេ។ មេធាវីបានបន្ថែមថា Hakimi នឹងសហការជាមួយអាជ្ញាធរ។

ជាមួយគ្នានោះ ក្លិប PSG មិនទាន់មានការបកស្រាយភ្លាមៗនោះទេ ចំពោះសារព័ត៌មាន Reuters ដែលបានស្នើសុំ។

Hakimi ត្រូវបានស្ថិតក្រោមការតាមដានរបស់ប៉ូលិស និងមានការហាមឃាត់ការទំនាក់ទំនង ជាមួយជនរងគ្រោះ ដែលត្រូវបានចោទប្រកាន់, នេះបើតាមការិយាល័យអយ្យការ។

សារព័ត៌មានបារាំង Le Parisien បានចុះផ្សាយថា ការស៊ើបអង្កេតមួយ ត្រូវបានបើកដំណើរការ បន្ទាប់ពីស្ត្រីវ័យ២៤ឆ្នាំម្នាក់ បានប្រាប់ប៉ូលិស កាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា នាងត្រូវបានគេរំលោភសេពសន្ថវៈ៕