(ប៉ារីស)៖ ខ្សែប្រយុទ្ធ Neymar ត្រូវបានគេរំពឹងថា នឹងអវត្តមានក្នុងជំនួបជើងទី២ នៃវគ្គ១៦ក្រុមចុងក្រោយ លីគ Champions League របស់ក្លិប Paris Saint-Germain ប៉ះ Bayern Munich ដោយសារតែបញ្ហារបួសកជើងរបស់លោក, នេះបើតាមសម្តីគ្រូបង្វឹក Christophe Galtier ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន Live Score នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។

Neymar ត្រូវបានសែងចេញពីទីលាន អំឡុងពេលប្រកួតឈ្នះ ៤-៣ របស់ PSG លើក្រុម Lille កាលពីថ្ងៃទី១៩ ខែកុម្ភៈ, ជាមួយនឹងការថតស្កេនបានបង្ហាញថា លោកមានរបួសសរសៃចងកជើង។

អ្នកចាត់ការ Christophe Galtier បានបង្ហាញការព្រួយបារម្ភ ដោយបានលើកឡើងថា «ក្នុងការប្រកួត២លើកខាងមុខ យើងនឹងមិនមានវត្តមាន Neymar នោះទេ»។

«ខ្ញុំគិតថា គាត់នឹងខកខានការប្រកួតប៉ះ Bayern Munich»

ជាមួយគ្នានោះដែរ ការធ្វើបច្ចុប្បន្នភាពផ្នែកវេជ្ជសាស្ត្រ ដោយចេញដោយក្លិប បានឲ្យដឹងថា Neymar កំពុងបន្តស្តារនីតិសម្បទារបស់លោក ហើយនឹងត្រូវធ្វើការវាយតម្លៃឡើងវិញ នៅថ្ងៃចន្ទ, ២ថ្ងៃមុនដំណើររបស់ PSG ទៅកាន់អាល្លឺម៉ង់៕