(ឡុងដ៍)៖ អ្នកចាត់ការក្លិប Tottenham Hotspur លោក Antonio Conte នឹងវិលត្រឡប់ទៅកាន់ទីក្រុងឡុងដ៍​ ដើម្បីបន្តដឹកនាំក្រុមឡើងវិញ ក្រោយពីទទួលការវះកាត់ថង់ទឹកប្រមាត់របស់លោក ប៉ុន្តែទាល់តែបន្ទាប់ពីពួកគេចប់ការប្រកួតប៉ះ Wolverhampton Wanderers នៅចុងសប្តាហ៍នេះ,​ នេះបើតាមសម្តីជំនួយការរបស់លោក Cristian Stellini ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។

លោក Conte បាននឹងកំពុងសម្រាក ដើម្បីជាសះស្បើយពីការវះកាត់ នៅប្រទេសអ៊ីតាលី។ លោកនឹងវិលត្រឡប់មកវិញ ស្របតាមពេលវេលា នៃការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ក្របខណ្ឌ Champions League ក្នុងការធ្វើជាម្ចាស់ផ្ទះរបស់ Spurs ទទួលក្រុមភ្ញៀវ AC Milan។

ក្នុងពេលអវត្តមានរបស់លោក Conte, Tottenhams បានយកឈ្នះលើក្រុម Manchester City, West Ham United និង Chelsea ធ្វើឲ្យក្រុមឡើងត្រឡប់ទៅចូលក្នុងចំណោម Top 4 វិញ នៃលីគកំពូលអង់គ្លេស Premier League៕