(បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម Twitter ប្រកាសពីការបាត់ចំណូលខ្ទង់ ៤០ភាគរយដែលជាលទ្ធផលក្នុងឆ្នាំ២០២២ ដោយក្នុងនោះរួមបញ្ចូលទាំងប្រាក់ចំណូលប្រចាំត្រីមាស និងប្រាក់ចំណូលសម្រាប់ខែធ្នូ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣។

ប្រភពពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យការផ្សាយពាណិជ្ជកម្ម Standard Media Index បានឱ្យដឹងថា មូលហេតុនៃការបាត់ចំណូលក្នុងចំនួនដ៏ច្រើននេះគឺដោយសារតែ អ្នកផ្សាយពាណិជ្ជកម្មជាច្រើនបានកាត់បន្ថយការចំណាយរបស់ពួកគេនៅលើភ្លេតហ្វមផ្សព្វផ្សាយសង្គម បន្ទាប់ពីនាយកប្រតិបត្តិ Twitter ថ្មីលោក Elon Musk បានឡើងកាន់កាប់តំណែងជាផ្លូវកាលពីថ្ងៃទី២៧ ខែតុលាកន្លងទៅ។ ជុំវិញការមិនពេញចិត្តក្នុងការកាន់កាប់តំណែងរបស់ Musk បានបណ្តាលឱ្យការចំណាយលើការផ្សាយពាណិជ្ជកម្មនៅលើ Twitter ក្នុងអំឡុងខែធ្នូ កន្លងទៅបានធ្លាក់ចុះខ្ទង់ ៧១ភាគរយឯណោះ។

គួរបញ្ជាក់ដែរថា ចាប់តាំងពី Musk ឈានជើងចូល Twitter រចនាសម្ព័ន្ធជាច្រើននៅទីនោះត្រូវបានផ្លាស់ប្តូរ រួមមានការបញ្ឈប់ CEO និងបុគ្គលិកស្ទើតែពាក់កណ្តាលក្រុមហ៊ុន ថែមទាំងផ្លាស់ប្តូរទៅដំណើរការគិតប្រាក់ Twitter Blue ជាបន្តបន្ទាប់ទៀតផង៕