(លីវើភូល)៖ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Roberto Firmino នឹងចាកចេញពីក្លិបបាល់ទាត់ហង្សក្រហម នៅពេលកិច្ចសន្យាផុតកំណត់នៅបំណាច់រដូវកាលនេះ។

បុរសវ័យ ៣១ឆ្នាំខាងលើរកបាន ៩គ្រាប់ផងដែរ ពីការបង្ហាញខ្លួន ២៦ប្រកួតសម្រាប់ Liverpool នារដូវកាលនេះ ជាមួយនឹងការលេងសរុបបាន ៨ឆ្នាំនៅកីឡដ្ឋាន Anfield។

Firmino ដែលពាក់អាវលេខ៩ នោះបានផ្លាស់ចេញពីក្លិបអាល្លឺម៉ង់ Hoffenheim មកចូលរួមជាមួយ Liverpool កាលខែមិថុនា ឆ្នាំ២០១៥ ក្រោមតម្លៃផ្ទេរសរុប ២៩លានផោន ដោយបានជួយហង្សក្រហមឈ្នះពាន UEFA Champions League, Premier League, FA Cup, EFL Cup និង Club World Cup ថែមទៀតផង។

ក្នុងរយៈពេលជិត ៨ឆ្នាំមកនេះ Roberto Firmino បានចូលលេងសរុបចំនួន ៣៥៣ប្រកួត និងស៊ុតបាន ១០៧គ្រាប់ ក្រៅពីបញ្ជូនបាន ៧០លើកផងដែរសម្រាប់ Liverpool មុនឈានដល់ផ្លូវបំបែក នៅក្រោយពេលបញ្ចប់រដូវកាលឆ្នាំ២០២២-២០២៣ នេះ។ វត្តមានរបស់ Firmino ក្នុងក្លិប Liverpool កាន់តែចង្អៀតទៅៗពីការញាំញីដោយរបួស និងក្រោយការមកដល់របស់កីឡាករ Diogo Jota, Luis Diaz, Darwin Nunez និង Cody Gakpo ជាដើម។

លោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool បានថ្លែងប្រាប់ BBC ថា រូបលោកចង់ឲ្យ Roberto Firmino បន្តលេងឲ្យក្លិបទៀត ហើយពេលចរចាកិច្ចសន្យាថ្មី រូបលោកតែងតែផ្តល់សិទ្ធិឲ្យកីឡាករជានិច្ច៕