(សៀមរាប)៖ «ភូមិបេតិកភណ្ឌវប្បធម៌» នឹងក្លាយជាទីទាក់ទាញភ្ញៀវទេសចរធំមួយនាឱកាសអង្គរសង្ក្រាន្តខាងមុខ ដែលនឹងមានការបង្ហាញពីបច្ចេកទេសក្នុងការរំលីងថ្មយកមកសាងសង់ប្រាសាទ និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គរ រួមទាំងការរំកិលថ្ម និងការបង្ហាញនូវសកម្មភាពសិល្បៈវប្បធម៌ខ្មែរផ្សេងទៀត។

គួរជម្រាបថា «ភូមិបេតិកភណ្ឌវប្បធម៌» គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីទាំង៤៤ នៃព្រឹត្តការណ៍អង្គរសង្ក្រាន្ត ដែលគ្រោងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខ។

លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ និងជាសមាជិកក្រុមការងាររៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានឱ្យដឹងថា ភូមិបេតិកភណ្ឌវប្បធម៌នេះនឹងមានការបង្ហាញពីបេតិកភណ្ឌរូបី និងអរូបី តាមរយៈការបង្ហាញពីបច្ចេកទេសក្នុងការរំលីងថ្មយកមកសាងសង់ប្រាសាទមាននៅតាមចម្លាក់ប្រាសាទបាយ័ន និងបច្ចេកទេសជួសជុលប្រាសាទឥដ្ឋក្នុងរមណីយដ្ឋានអង្គរ រួមទាំងការរំកិលថ្ម។ រីឯបេតិកភណ្ឌអរូបី មានបង្ហាញអំពីរបៀបចារសាស្ត្រាស្លឹករឹតដែលជាមរតករបស់អ្នកស្រុកពួក ដែលបង្ហាញពីរបៀបចារ ហើយសាធារណជនអាចសាកល្បងចារបានថែមទៀត បង្ហាញសិល្បៈការស្មូនភាជន៍ ការដាប់ស្បែក ហើយអ្នកទស្សនាអាចរៀនដាប់ឆ្លាក់ចម្លាក់ស្បែក ការផ្តិតសិលាចារិក ឬរូបដល់អ្នកទស្សនា និងមានការប្រគំតន្ត្រីរបស់អ្នកភូមិត្បែង ព្រមទាំងលេងល្បែងប្រជាប្រិយខ្មែរជាច្រើនដែរ រួមទាំងការតាំងផ្ទាំងព័ត៌មានបង្ហាញសមិទ្ធផលការងារ៣០ឆ្នាំការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់រមណីយដ្ឋានអង្គរ។

លោក ទីណា បានបញ្ជាក់ថា ការរៀបចំភូមិបេតិកភណ្ឌវប្បធម៌ផ្តោតលើគោលគំនិតសំខាន់ៗ ដូចជា ផ្តល់ភាពសប្បាយរីករាយ ផ្តល់ការអប់រំ និងបណ្តុះគំនិតស្មារតីថ្មីៗ និងផ្សព្វផ្សាយពីសមិទ្ធផលស្នាដៃសំខាន់ៗរបស់អាជ្ញាធរជាតិអប្សរា។ ការតាំងបង្ហាញសម្បត្តិបេតិកភណ្ឌទាំងរូបី និងអរូបីទាំងនេះ ដើម្បីបង្ហាញដល់មហាជន បណ្ដុះគំនិតឱ្យបានយល់ដឹងក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍឱ្យចេះស្រឡាញ់ និងចូលរួមថែរក្សាការពារនូវសម្បត្តិបេតិកភណ្ឌជាតិដែលមិនអាចកាត់ថ្លៃបាន។

លោក ទិន ទីណា បានបន្តថា ក្នុងការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អាជ្ញាធរជាតិអប្សរាក៏ទទួលខុសត្រូវក្នុងគម្រោងនៃការរៀបចំកម្មវិធី «ភូមិបេតិកភណ្ឌវប្បធម៌» នេះដែរ។

លោកបានបន្តទៀតថា ក្នុងឱកាសព្រិត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ខាងមុខ ក្រោមប្រធានបទ «ក្តីស្រម៉ៃ និងសង្ឃឹម» សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំពិធីខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តសហការជាមួយអាជ្ញាធរជាតិអប្សរា រៀបចំកម្មវិធីដែលមានឈ្មោះ «ភូមិបេតិកភណ្ឌវប្បធម៌» ដើម្បីចូលរួមអបអរសាទរបុណ្យឆ្នាំថ្មីប្រពៃណីខ្មែរ៕