(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) នៅព្រឹកថ្ងៃទី០៤ ខែមីនានេះ បានជួបប្រជុំជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត ដើម្បីពិភាក្សាការងារអំពីកម្មវិធីរត់ភ្លើងគប់កីឡា នៃព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនៅកម្ពុជា នាចុងខែនេះ ។

គួរដឹងថា នៅថ្ងៃទី២១ ខែមីនាខាងមុខ គណៈកម្មាធិការជាតិ CAMSOC នឹងរៀបចំព្រះរាជពិធីសុំព្រះអគ្គីកីឡានៅប្រាសាទអង្គរវត្ត ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មុនពិធីរត់ភ្លើងគប់ ឆ្លងកាត់បណ្ដាប្រទេសសមាជិកស៊ីហ្គេមទាំងអស់ ដែលនឹងធ្វើឡើងពីថ្ងៃទី២២ ខែមីនា ដល់ថ្ងៃទី២៧ ខែមេសា ហើយត្រឡប់មកកម្ពុជាវិញ និងបន្ដរត់ជុំវិញបឹងទន្លេសាប រហូតដល់ពិធីបើកការប្រកួតកីឡាស៊ីហ្គេមផ្លូវការ នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានបញ្ជាក់ថា ដោយទទួលបានអនុសាសន៍ណែនាំរបស់លោករដ្ឋមន្ដ្រី ថោង ខុន ដើម្បីជំរុញការងារត្រៀមរៀបចំស៊ីហ្គេម មិនថា ថ្ងៃសៅរ៍ ឬអាទិត្យនោះទេ តែងមានកិច្ចប្រជុំជាបន្ដបន្ទាប់ ជាក់ស្ដែងនៅសៅរ៍នេះ គណៈអចិន្ដ្រៃយ៍ CAMSOC បានជួបប្រជុំជាមួយឯកអគ្គរាជទូតកម្ពុជាប្រចាំបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ក៏ដូចជាទីម័រខាងកើត ដើម្បីផ្លាស់ប្ដូរយោបល់ និងផ្ដល់នូវព័ត៌មានលម្អិត អំពីរបៀបនៃការធ្វើ និងការរៀបចំពិធីរត់ភ្លើងគប់ ដែលត្រូវចេញដំណើរពីខេត្តសៀមរាប ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «អ្វីដែលជាកិច្ចការសំខាន់របស់ឯកអគ្គរាជទូតកម្ពុជា នៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ គឺត្រូវធ្វើការត្រៀមលក្ខណៈ និងរៀបចំពិធីរត់ភ្លើងគប់នេះ ដោយសហការជាមួយម្ចាស់ផ្ទះ រួមមានកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិករបស់ប្រទេសនីមួយៗ ក៏ដូចជារដ្ឋអំណាចកីឡា និងអាជ្ញាធររបស់ប្រទេសនីមួយៗ ដើម្បីធ្វើយ៉ាងណាឲ្យការរត់ភ្លើងគប់នេះ ក្លាយជាសារមួយ សម្រាប់បំផុសចលនានៃព្រឹត្តិការណ៍ស៊ីហ្គេមរបស់យើង និងផ្ដល់គុណតម្លៃស៊ីហ្គេមរបស់យើង ទៅប្រទេសជាសមាជិកទាំងអស់» ។

ពិធីរត់ភ្លើងគប់នេះ ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ ដែលទាមទារឲ្យមានកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ដោយផ្ដើមពីស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗ ក្នុងការផ្ដល់នូវព័ត៌មានជាក់លាក់ នៃកម្មវិធី និងទីតាំងរៀបចំជាដើម ពោលគឺរាល់ការរត់ភ្លើងគប់ឆ្លងកាត់ប្រទេសនីមួយៗ ត្រូវមានអ្នកចូលរួមចន្លោះពី ៣០០ ទៅ ៥០០នាក់ ក្នុងនោះក្រៅពីការចូលរួមរបស់កីឡាករ-កីឡាការិនី នៃប្រទេសនីមួយៗ CAMSOC ក៏បានលើកទឹកចិត្តដល់សិស្ស-និស្សិត និងប្រជាពលរដ្ឋខ្មែរ នៅតាមប្រទេសនីមួយៗឲ្យចូលរួមផងដែរ ។

លោក វ៉ាត់ ចំរើន បន្ថែមថា «យើងបានជជែកគ្នាច្រើន អំពីការរត់ភ្លើងគប់ ដែលត្រូវចេញដំណើរនៅថ្ងៃទី២២ ខែមីនានេះ ក្លាយទៅជាចលនាមួយដ៏សំខាន់ សម្រាប់ធ្វើការក្រើនរំឭក និងផ្សព្វផ្សាយពីភាពអស្ចារ្យ នៃម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ របស់យើង ។ ហើយក៏សូមអំពាវនាវ ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងសិស្ស-និស្សិត និងកម្មករ-កម្មការិនី នៅតាមប្រទេសនីមួយៗ ក្នុងតំបន់អាស៊ីអាគ្នេយ៍ សូមលើកទឹកចិត្តឲ្យពួកគាត់ចូលរួមអបអរសាទរ ក្នុងការរត់ភ្លើងគប់នេះដែរ ព្រោះការចូលរួមនេះ មិនថាខ្មែរនៅទីណាទេ ក៏ជាម្ចាស់ផ្ទះ នៃការរៀបចំស៊ីហ្គេមរបស់យើងដែរ» ៕