(ភ្នំពេញ)៖ តារាចម្រៀងសំនៀងធ្ងន់បែបយុវវ័យលោក សុវត្ថិ មុនីវណ្ណ បានសម្រេចចិត្តហក់ចូលជ្រកក្នុងផលិតកម្ម Galaxy Navatra ជាផ្លូវការហើយនៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ តាមការណែនាំពីណាក់លោកឪពុករបស់ខ្លួន គឺតារាចម្រៀង ព្រាប សុវត្ថិ ដោយបានធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ការចូលមកក្នុងគ្រួសារ Galaxy Navatra ដ៏ធំមួយនេះ នៅសណ្ឋាគារហៃយ៉ាតភ្នំពេញ។

តារាចម្រៀងបែបយុវវ័យ សុវត្ថិ មុនីវណ្ណ បានថ្លែងឲ្យដឹងពីចញណាប់អារម្មណ៍របស់ខ្លួនថា ថ្ងៃនេះលោកបាទពិតជាមានក្តីរំភើប និងរីករាយបំផុតដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Navatra group បើកពិធីកិច្ចស្វាគមន៍
ទទូលរូបលោកដែលជា New generation ចូលជាសមាជិកថ្មី នៃគ្រួសារដ៏ធំហើយរបស់ផលិតកម្ម Galaxy។

ជាមួយគ្នានេះ លោក សុវត្ថិ មុនីវណ្ណ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជូនទស្សនិកជននូវបទចម្រៀងថ្មីបែបយុវវ័យ ជាពិសេសនៅថ្ងៃនេះផលិតកម្ម Galaxy Navatra នឹងបញ្ចេញស្នាដៃដំបូងរបស់លោក នៅលើទីផ្សារផងដែរ។

តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីវណ្ណ បានធ្វើការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងបង្កើត និងរិះរកស្នាដៃ ក៏ដូចជាស្ទីលថ្មីៗប្លែកៗ ជូនដល់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេសបាទស្សនា និងស្ដាប់កម្សាន្ត។

ដោយឡែកលោកឧកញ៉ា ឡេង ប្រុស តំណាងឲ្យផលិតកម្ម Galaxy Navatra ដែលបានចូលរួមជាអធិបតីភាពក្នុងពិធីទទួលស្វាគមន៍នេះ បានថ្លែងថា ដោយបានការអនុញ្ញាតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកតំណាងឱ្យបុគ្គលិកនៃផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ទាំងអស់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសនៃកម្មវិធីទទួលស្វាគមន៍តារាចម្រៀងលោក សុវត្ថិ មុនីវណ្ណ នាវេលានេះ។

កម្មវិធីទទួលស្វាគមន៍វត្តមានតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់ត្រដែតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលជាផលិតកម្មចម្រៀងកំពូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលជានិច្ចកាលតែងទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។

សមិទ្ធផល និងស្នាដៃទាំងអស់នេះហើយគឺកើតចេញពីការដឹកនាំដ៏ប៉ិនប្រសព្វរបស់ អ្នកឧកញ៉ាអគ្គនាយក និងបណ្តាថ្នាក់ដឹកនាំផលិតកម្មទាំងអស់ ហើយក៏ជាលទ្ធផលដ៏ត្រចះត្រចង់កើតចេញពីភាពសកម្ម ទេពកោសល្យ ភាពច្នៃប្រឌិត និងស្មារតីទំនួលខុសត្រូវខ្ពស់របស់បងប្អូនបុគ្គលិកទាំងអស់គ្នា៕