(ភ្នំពេញ)៖ ការរស់នៅប្រចាំថ្ងៃរមែងកើតមានជំងឺឈឺឆ្កាត់ផ្សេងៗ ជាហេតុដែលមិនអាចឱ្យមនុស្សគ្រប់រូបគេចផុតបាននោះទេ ទើបច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនិយោជិតបានឈប់សម្រាកពីការបំពេញការងាររបស់ខ្លួន ក្នុងអំឡុងពេលមានជំងឺ ដោយមិនត្រូវចាត់ទុកជាកំហុសរបស់និយោជិតឡើយ ។

លើសពីនេះទៅទៀត និយោជកក៏មិនអាចរំលាយ ឬបញ្ចប់កិច្ចសន្យាការងារ ដោយសារអវត្តមានរបស់និយោជិតដែលមានជម្ងឺបាននោះដែរ ។ ហេតុដូចនេះ ដើម្បីឱ្យកាន់តែយល់ច្បាស់ថា តើអ្វីទៅជាការឈប់សម្រាកពេលមានជំងឺ? ហើយច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្ត មានវិធានការអ្វីខ្លះសម្រាប់គ្រប់គ្រងចំពោះការឈប់សម្រាករបស់និយោជិត នៅពេលមានជំងឺ?

សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី ការឈប់សម្រាកពេលមានជំងឺ មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ដូចខាងក្រោម។

ការឈប់សម្រាកពេលមានជម្ងឺ គឺជាការផ្តល់សិទ្ធិឱ្យនិយោជិតសុំច្បាប់ឈប់សម្រាកនៅពេលមានជម្ងឺ ។ លើសពីនេះទៀត នៅក្នុងករណីដែលនិយោជិតមានជម្ងឺធ្ងន់ធ្ងរដែលនាំឱ្យអវត្តមានពីការបំពេញការងារក្នុងរយៈពេលវែង នោះច្បាប់បានអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារនោះបាន ដែលការព្យួរកិច្ចសន្យាការងារនេះមានថិរវេលាត្រឹម ០៦ ខែ ប៉ុន្ដែថិរវេលានេះអាចបន្ដរហូតដល់មានអ្នកជំនួសនិយោជិតដែលបានព្យួរកិច្ចសន្យានោះបាន (មាត្រា ៧១ ចំណុច ៣ នៃច្បាប់ស្ដីពីការងារ) ។

គួរបញ្ជាក់ផងដែរថា ថិរវេលា ០៦ ខែ នៃការព្យួរកិច្ចសន្យាការងារខាងលើនេះ និយោជកមិនអាចបន្ថយ ឬបញ្ចប់កិច្ចសន្យាការងារមុនថិរវេលា ០៦ ខែនេះឡើយ បើទោះបីជានិយោជិតមិនបានបំពេញការងារទាល់តែសោះក៏ដោយ ។ ប៉ុន្ដែនិយោជិតដែលព្យួរកិច្ចសន្យាការងារដោយសារមានជំងឺ គឺតម្រូវឱ្យផ្តល់លិខិតបញ្ជាក់ពីគ្រូពេទ្យថា ខ្លួនត្រូវសម្រាកព្យាបាលជំងឺទៅឱ្យនិយោជក ដើម្បីទទួលបានការអនុញ្ញាត (សេចក្ដីបង្គាប់អាជ្ញាកណ្ដាលលេខ ១៥/១២ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២) ។

សំណួរមួយតែងតែត្រូវបានចោទសួរ៖ «តើនិយោជិតដែលឈប់សម្រាកពេលមានជំងឺ តាមរយៈការព្យួរកិច្ចសន្យាត្រូវបានទទួលប្រាក់ឈ្នួលដែរឬទេ?» នៅក្នុងបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ មិនតម្រូវឱ្យផ្តល់ប្រាក់ឈ្នួលសម្រាប់និយោជិត ដែលឈប់សម្រាកពេលមានជំងឺនោះ ទេ ប៉ុន្ដែជាគោលការណ៍របស់ក្រសួងទទួលបន្ទុកវិស័យការងារ និយោជក គួរដាក់បញ្ចូលការឈប់សម្រាកពេលមានជំងឺដែលទទួលបានប្រាក់ឈ្នួលនៅក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ឬគ្រឹះស្ថានឯកជនរបស់ខ្លួន ។

ជាការអនុវត្តជាក់ស្ដែង និយោជកត្រូវផ្តល់ប្រាក់ឈ្នួល ១០០% សម្រាប់ខែដំបូង ៦០% សម្រាប់ខែទីពីរ និង ៤០% សម្រាប់ខែទីបី (តាមកិច្ចព្រមព្រៀង ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០០៤ រវាងក្រុមហ៊ុន និងប្រតិភូបុគ្គលិក) ចំពោះកម្មករនិយោជិតណាដែលឈប់សម្រាកដោយសារមានជំងឺ ហើយមានលិខិតបញ្ជាក់ត្រឹមត្រូវពីមន្ទីរពេទ្យរដ្ឋជាផ្លូវការ (សេចក្ដីបង្គាប់អាជ្ញាកណ្ដាលលេខ ២៦/០៣ ចុះថ្ងៃទី១៦ ខែ  មករា ឆ្នាំ២០០៤) ។

សរុបសេចក្ដីមក នៅពេលមានជំងឺ និយោជិតអាចព្យួរកិច្ចសន្យាការងាររបស់ខ្លួនបានក្នុងថិរវេលា ០៦ ខែ និងអាចបន្ដរហូតដល់មានអ្នកជំនួសនិយោជិតដែលបានព្យួរកិច្ចសន្យានោះបាន ដើម្បីសម្រាកព្យាបាលជំងឺរបស់ខ្លួន ។ នៅក្នុងអំឡុងពេលឈប់សម្រាកនេះ និយោជិតទទួលបានប្រាក់ឈ្នួល ឬអត់? គឺអាស្រ័យទៅតាមបទបញ្ហាផ្ទៃក្នុង របស់សហគ្រាសនោះ ឬមានចែងនៅក្នុងកិច្ចសន្យាការងាររវាងនិយោជក និងនិយោជិតដែរ ឬទេ ៕

រៀបរៀងដោយ៖ លោកមេធាវី លឹម សុវណ្ណារ៉ុង និងលោក ប៉ូល គីមសេង ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានទូរស័ព្ទទំនាក់ទំនងលេខ៖ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖ [email protected]  គេហទំព័រ៖ www.ciclg.com ហ្វេសបុកផេក៖ Cambodia International Cooperation Law Firm