(រីយ៉ូដឺជេនៀរ៉ូ)៖ ខ្សែបម្រើក្លិប Chelsea កីឡាករ Andrey Santos បានស្ថិតក្នុងចំណោមកីឡាករចំនួន៩រូប ដែលមិនធ្លាប់ជាប់ឈ្មោះ ក្នុងក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួតលក្ខណៈមិត្តភាព ជាមួយក្រុមជម្រើសជាតិម៉ារ៉ុក នៅចុងខែនេះ, នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ប្រេស៊ីល ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មានស៊ិនហួ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣។

អ្នកចាត់ការបណ្តោះអាសន្ន Ramon Menezes បានដាក់បញ្ចូលកីឡាករ Andre (ក្លិប Fluminense), កីឡាករ Arthur Augusto (ក្លិប America Mineiro), កីឡាករ Joao Gomes (ក្លិប Wolverhampton), កីឡាករ​ Vitor Roque (ក្លិប Paranaense), កីឡាករ Mycael (ក្លិបParanaense), កីឡាករ Robert Renan (ក្លិប Zenit Saint Petersburg), កីឡាករ Raphael Veiga (ក្លិប Palmeiras) និងកីឡាករ Rony (ក្លិប Palmeiras) ចូលក្នុងបញ្ជីក្រុមកីឡាករចំនួន២៣រូប របស់លោក។

"យើងបាននឹងកំពុងឆ្ពោះទៅកាន់ក្រុម ដែលមានការរៀបចំយ៉ាងល្អមួយ ដូច្នេះវានឹងក្លាយជាការសាកល្បងដ៏ធំមួយ", សម្តីលោក Menezes បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន។

សូមជម្រាបថា ការប្រកួតលក្ខណៈមិត្តភាព នៅថ្ងៃទី២៥ ខែមីនាខាងមុខ នៅទីក្រុង Tanger របស់ម៉ារ៉ុក នឹងក្លាយជាការប្រកួតលើកដំបូង សម្រាប់ក្រុមជម្រើសជាតិទាំងពីរ ចាប់តាំងពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា៕