(ឡុងដ៍)៖ ខ្សែបម្រើក្លិប Brighton & Hove Albion កីឡាករ Moises Caicedo បានចុះកិច្ចសន្យាថ្មី រហូតដល់ឆ្នាំ២០២៧ ជាមួយក្លិបអមដោយជម្រើសបន្ថែមមួយឆ្នាំទៀត, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣។

កីឡាករអន្តរជាតិអេក្វាឌ័រ វ័យ២១ឆ្នាំ បានស្នើសុំចាកចេញពីក្លិប ក្នុងរដូវកាលដោះដូរកីឡាករកាលពីខែមករា ជាមួយនឹងការដេញថ្លៃជាច្រើនលើក មកពីក្លិប Arsenal។ ប៉ុន្តែក្លិប Brighton បានច្រានចោលសំណើរ ជាមួយសេចក្តីរាយការណ៍ថា មានតម្លៃ៧០លានផោន។

ព័ត៌មាននៃការចុះកិច្ចសន្យាថ្មីនេះ នឹងជួយបង្កើនភាពខ្លាំង របស់ក្រុម Brighton ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៨ នៃតារាង Premier League សម្រាប់ការប្រកួតក្នុងលីគ ដោយការធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃសៅរ៍ ទទួលក្រុម West Ham។

សូមជម្រាបថា ចាប់តាំងពីការបង្ហាញខ្លួនជាលើកដំបូង របស់លោក លេងពេញម៉ោង នៅលីគ Premier League ពេលប៉ះនឹងក្រុម Arsenal ក្នុងឆ្នាំ២០២២, Brighton បានឈ្នះ១៥ប្រកួត ក្នុងចំណោម២៩ប្រកួតក្នុងលីគ ដែល Moises Caicedo បានចូលរួមប្រកួត៕