(លីវើភូល)៖ Liverpool បានបង្កើតកំណត់ត្រាថ្មី តាមរយៈបំបាក់គូប្រជែង Manchester United ក្នុងលទ្ធផល ៧ទល់នឹង០ ក្នុងលីគកំពូលអង់គ្លេស នៅពេលតារាជើងស៊ុត Mohamed Salah ក្លាយជាអ្នកស៊ុតច្រើនជាងគេឲ្យក្លិប។

មិត្តរួមក្រុមនៅតំបន់ប្រយុទ្ធដូចគ្នា Darwin Nunez និង Cody Gakpo រកបានម្នាក់ ២គ្រាប់ដូចគ្នាផងដែរ ដែលជាជ័យជម្នះដ៏ធំបំផុតរបស់ Liverpool ក្នុងចំណោម ២១១ប្រកួតមកនេះ។ លើសពីនេះទៀត Liverpool ក៏ធ្វើបានក្នុងជ័យជម្នះគ្រាប់ស៊ុតដល់ ៧គ្រាប់នាពេលកន្លងមកដែរ ក្នុងលទ្ធផល ៧-១ និង ៧-៤ មិនតែក្នុងលីគកំពូលនោះទេ នៅពេលបិសាចក្រហមពុំដែលមានប្រវត្តិស៊ុតហង្សក្រហមដល់ទៅ ៧គ្រាប់នេះទេ។

គិតត្រឹមសប្តាហ៍ទី២៦ ជើងទី២ នេះ Liverpool ឈរនៅលេខ៥ ដោយមាន ៤២ពិន្ទុ គ្រាដែល Man Utd មាន ៤៩ពិន្ទុឈរនៅលេខ៣ ដោយនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ដ្បិត Arsenal ឈរលេខ១ មាន ៦៣ពិន្ទុនាំមុខក្រុមការពារតំណែងជើងឯក Man City ៥ពិន្ទុ ក្រោយឆ្លងកាត់ ២៦ប្រកួតមកស្មើគ្នា។

ដូចគ្នានោះដែរ កាលពី ២ជើងក្នុងលីគនារដូចកាលមុន Liverpool ក៏បានបំបាក់ Man Utd ក្នុងលទ្ធផល ៥-០ នៅទឹកដី Old Trafford និងឈ្នះ ៤ទល់នឹង០ ទៀតនៅទឹកដី Anfield ដោយបន្តមិនរបូតគ្រាប់បាល់។ តែយ៉ាងណាពួកគេបានបរាជ័យក្នុងផ្ទះ ៥ទល់នឹង២ ផងដែរសម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុម UEFA Champions League ក្រោមថ្វីជើង Real Madrid ដែលត្រូវប៉ះគ្នាខាងស្អែកក្នុងជើងទី២ ជាបន្តទៀត៕