(ភ្នំពេញ)៖ ទីបំផុតខ្សែប្រយុទ្ធដ៏មានប្រជាប្រិយ ចាន់ វឌ្ឍនាកា បានត្រឡប់ចូលទីលានប្រកួតវិញហើយ ក្រោយអវត្តមានជាង ១ឆ្នាំ ដោយសាររបួសជង្គង់។ ការបង្ហាញខ្លួនលើកដំបូងនេះដែរ ស្របពេលក្រុមបឹងកេត បានទទួលជ័យជម្នះលើកដំបូងដូចគ្នាក្នុងពានរង្វាន់ Cambodian League Cup 2023 បន្ទាប់ពីវាយបកឈ្នះក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ៤-៣ កាលពីម្សិលមិញ។

ជំនួបដ៏ស្វិតស្វាញខាងលើ វឌ្ឍនាកា ត្រូវបានប្ដូរចូលលេងនៅនាទី៦៣ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ នាំមុខម្ចាស់ផ្ទះបឹងកេត ៣-២។ សម្រាប់រយៈពេលប្រមាណ ២០នាទីចុងក្រោយ បឹងកេតក៏វាយបកបាន ២គ្រាប់វិញ ក្នុងនោះក៏មានការរួមចំណែកលើកបាល់ចេញពីជ្រុងដោយ វឌ្ឍនាកា និងបង្កើតឱកាសឲ្យមិត្តរួមក្រុមស៊ុតបញ្ចប់ទី ១គ្រាប់នៅនាទី៩០+៣ ដែលជាគ្រាប់បាល់ជ័យជម្នះផងដែរ។

សូមរំឮកថា ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ខាងស្ដាំ (ACL) កាលពីចុងខែមករា ឆ្នាំ២០២២ ហើយបានធ្វើការវះកាត់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទទួលបានការឧបត្ថម្ភថវិកាផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាចំនួន ៥ម៉ឺនដុល្លារ ដើម្បីជួយសម្រួលដល់ការព្យាបាលរបួសរបស់អតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះទៀតផង។

មកទល់ពេលនេះរបួសរបស់ ចាន់ វឌ្ឍនាកា ក៏បានជាសះស្បើយ ១០០% ហើយបានត្រឡប់ចូលទីលានប្រកួតវិញ ដែលធ្វើឲ្យអ្នកគាំទ្រមានការសប្បាយរីករាយជាខ្លាំង ហើយក៏សង្ឃឹមថា រូបគេនឹងអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជារក្សាទម្រង់លេងបានល្អដូចដើម ដើម្បីបន្ដរួមចំណែកជួយក្លិប ក៏ដូចជាក្រុមជម្រើសជាតិនាពេលខាងមុខផងដែរ៕