(ប៉ារែន)៖ ក្រុមប្រណាំរថយន្ត Red Bull បានបន្តបើកការនាំមុខគូប្រជែងដោយបានឈ្នះជុំទី១ ក្នុងព្រឹត្តិការណ៍ Bahrain Grand Prix 2023 ដែលធ្វើបានដោយម្ចាស់ជើងឯកពិភពលោក Max Versteppen។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

Max ដែលជាម្ចាស់ជើងឯកពិភពលោក ២សម័យកាល បាននាំមុខក្នុងការប្រណាំងសឹងតែទាំងស្រុងគិតចាប់ពីការផ្តើមចេញដំបូង, ដែលធ្វើឲ្យលោកទទួលបានជ័យជម្នះលើកទី៣៦ ក្នុងអាជីពផងដែរ ហើយតាមរយៈលទ្ធផលនេះ ក៏អាចក្លាយជាគោលដៅមួយក្នុងការឈានទៅរកតំណែងជើងឯកពិភពលោកជាលើកទី៣ ជាប់គ្នា។

នេះជាលទ្ធផលជុំទី១ នៃព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 រដូវកាល២០២៣ ហើយជើងឯកលេខ១ បានទៅលើ Max Versteppen លេខ២ បានទៅកីឡាករ Sergio Perez បើកឲ្យក្រុមប្រណាំង Red Bull និងលេខ៣ ធ្វើបានដោយ Fernando Alonso បើកឲ្យក្រុម Aston Martin ស្ថិតក្នុងការប្រកួតបានធ្វើឡើងតាំងពីថ្ងៃទី៣-៥ ខែមីនានេះ។

រំលឹកផងថា ការប្រណាំង Formula 1 ជុំទី២ នឹងធ្វើឡើងនៅទឹកដីអារ៉ាប៊ីសាអូឌីត ដែលគ្រោងរៀបចំឡើងពីថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២៣នេះ ស្ថិតក្នុងចំណោមការប្រណាំង ២៣លើកនារដូវកាលនេះ។