(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sports) បានរកឃើញបេក្ខភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ចំនួន ២វិញ្ញាសាទៀតហើយ គឺវិញ្ញាសា VALORANT និងវិញ្ញាសា Wild Rift ខណៈថ្នាក់ដឹកនាំសហព័ន្ធ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះក្រុមជយលាភីលើវិញ្ញាសាទាំងពីរ បន្ទាប់ពីឃើញស្នាដៃពួកគេក្នុងការប្រកួតដ៏ស្វិតស្វាញជាច្រើនវគ្គកន្លងមក។

ការប្រកួតនេះ គឺជាផ្នែកមួយនៃកម្មវិធីដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឬ Road To Sea Games 32nd ឆ្នាំ២០២៣ ដែលសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានសហការជាមួយក្រុមហ៊ុន T.Y Media រៀបចំឡើង ក្នុងគោលបំណងសម្រិតសម្រាំងរកធនធានកីឡាករ-កីឡាការិនីឆ្នើម ក៏ដូចជាក្រុមខ្លាំង សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាខែឧសភាខាងមុខ។

ជាលទ្ធផលក្រោយឆ្លងកាត់ការប្រកួតជាច្រើនវគ្គ សម្រាប់ជើងឯកវិញ្ញាសា VALORANT បានទៅក្រុម AG E-Sports បន្ទាប់ពីយកឈ្នះក្រុម D-ROAR ដោយលទ្ធផល ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅ D-Roar Cybercafe នាថ្ងៃទី០៥ ខែមីនាម្សិលមិញ។ រីឯជើងឯកវិញ្ញាសា Wild Rift បានទៅក្រុម Team Max ក្រោយយកឈ្នះក្រុម Anxiety Crew ដោយលទ្ធផល ៣-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រដូចគ្នា។

ជុំវិញការប្រកួតខាងលើ លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ បានកោតសរសើរ ចំពោះសមត្ថភាពរបស់ក្រុមនីមួយៗ ពិសេសក្រុមជយលាភី AG E-Sports និងក្រុម Team Max ដែលសុទ្ធតែមានចំណុចពិសេសរៀងៗខ្លួន។ យ៉ាងណាក្ដីក្រុមនីមួយៗ នឹងត្រូវឆ្លងកាត់ការប្រកួត Pre-Sea Games ជាលក្ខណៈអន្ដរជាតិម្ដងទៀត មុននឹងឈានដល់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា។

លោកបន្ដថា «សម្រាប់អត្ដពលិករបស់យើង លើវិញ្ញាសា VALORANT គឺយើងសង្ឃឹមច្រើនថា នឹងធ្វើបានល្អ អាចនឹងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ឯវិញ្ញាសា Wild Rift ក៏ដូចគ្នា ព្រោះក្រុមជើងឯកនេះ ក៏ជាក្រុមខ្លាំងមួយដែរ តាមរយៈប្រវត្តិប្រកួតកន្លងមក ដែលធ្លាប់ជួបប្រទេសផ្សេងៗ ទោះមានឈ្នះ-ចាញ់ទៅវិញទៅមក តែសម្រាប់រយៈពេលនៅសល់ ខ្ញុំជឿជាក់ថា ពួកគាត់នឹងធ្វើបានកាន់តែល្អ»

គួរដឹងថា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានកំណត់វិញ្ញាសាចំនួន ៩ ដាក់ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ រួមមានវិញ្ញាសា AK2 ក្រុម និងឯកត្តជន, វិញ្ញាសា PUBG Mobile ក្រុម និងឯកត្តជន, វិញ្ញាសាក្រុមបុរស-នារី Mobile Legends: Bang Bang, វិញ្ញាសាក្រុម Cross Fire, វិញ្ញាសាក្រុម VALORANT និងវិញ្ញាសាក្រុម Wild Rift៕