(ភ្នំពេញ)៖ LOLC (ខេមបូឌា) ភីអិលអ៉ី ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើឈានមុខគេមួយនៅព្រះរាជាណាចក្រកម្ពុជា បានចូលរួមព្រឹត្តិការណ៍សម្តែងកីឡាមិត្តភាព គាំទ្រយុទ្ធនាការ «Beyond The Games» ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ប្រចាំខេត្តកណ្តាល រៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអ៉ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម។ ព្រឹត្តិការណ៍នេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ក្នុងពហុកីឡាដ្ឋានខេត្តកណ្តាល។

LOLC​ ពិតជាមានសេចក្តីសោមសន្សរីករាយ និងគាំទ្រយ៉ាងពេញទំហឹង ទៅលើព្រឹត្តិការណ៍ដ៏ធំមួយនេះ ដើម្បីត្រៀមអបអរសាទរ និងផ្សព្វផ្សាយឱ្យកាន់តែខ្លាំងអំពីដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត និងភាពជាម្ចាស់ផ្ទះលើកដំបូងរបស់កម្ពុជា លើការប្រកួតកីឡាអាអ៉ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

ជាពិសេសក្នុងយុទ្ធនាការរួមគ្នាបត់បេះដូងច្រើនជាងគេលើពិភពលោក ក្នុងគោលបំណងបង្ហាញពីក្តីស្រលាញ់ គាំទ្រដល់កីឡាករ កីឡាការិនី គ្រប់ទម្រង់ ហើយផ្តល់សិទ្ធទៅដល់បងប្អូនមានពិការភាពក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអ៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលជាមុខមាត់ថ្មីរបស់ប្រទេសកម្ពុជា និងជាឱកាសបង្ហាញកិត្យានុភាពទៅលើឆាកអន្តរជាតិឱ្យកាន់តែខ្លាំងឡើង។

គួរបញ្ជាក់ផងដែរថា ក្រុមការងាររបស់ អិលអូអិលអ៉ី មានវត្តមាននៅក្នុងព្រឹត្តិការណ៍នោះផ្ទាល់ដើម្បីចូលរួមអបអរសាទរ ក៏ដូចជាបង្កើតភាពងាយស្រួលដល់អ្នកចូលរួមទាំងអស់ដែលមានបំណងចង់បើកគណនីឌីជីថល iPay Cambodia របស់ អិលអូអិលអ៉ី នៅទីនោះបានភ្លាមៗផងដែរ៕