(សៀមរាប)៖ ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលឡើងវិញកម្រាលថ្មភក់នៅជ្រុងនិរតីនៃជាន់លើបង្អស់នៃប្រាសាទប្រែរូបដែលរងការខួចខាត។

មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ការងារជួសជុលនេះក្រុមអ្នកបច្ចេកទេសនឹងធ្វើការរើកម្រាលថ្មភក់ដែលរំកិលញែកចេញពីទីតាំងដើមទាំងនោះ ដើម្បីសម្អាត និងពង្រឹងស្រទាប់ថ្មបាយក្រៀមផ្នែកខាងក្រោម និងរៀបផ្គុំកម្រាលថ្មភក់ទៅតាមទីតាំងដើមវិញ ព្រមទាំងបិទបាយអ តាមចន្លោះប្រហោងការពារជម្រាបទឹកដែរ។ នេះគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ដែលអាជ្ញាធរជាតិអប្សរាបានអនុវត្តន៏ជាប្រចាំ ក្នុងគោលគំនិតដើម្បីថែរក្សាលើកតម្លៃប្រាសាទផង និងដើម្បីរក្សាសុខសុវត្ថិភាពដល់ភ្ញៀវទេសចរផង។

សូមបញ្ជាក់ថា ប្រាសាទប្រែរូប ត្រូវបានកសាងឡើងនាចុងសតវត្សទី១០ ក្នុងគ.ស.៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា៕