(សៀមរាប)៖ ក្រុមការងារអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរាកំពុងជំរុញការងារជួសជុលចម្លាក់បង្កាន់ដៃនាគដែលសាងឡើងពីថ្មភក់ចំនួន២ ប្រវែង៥០ម៉ែត្រ នៅផ្នែកខាងជើងស្ពានហាលមុខប្រាសាទអង្គរវត្ត ដោយរៀបចំដាក់ទីតាំងដើមឡើងវិញឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខ ដើម្បីបើកឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិចូលទស្សនា។

បើតាមការបញ្ជាក់របស់លោក អន សុភាព អ្នកទទួលខុសត្រូវការដ្ឋានជួសជុលបានឱ្យដឹងថា ចម្លាក់បង្កាន់ដៃនាគទាំង២នេះ ស្ថិតក្នុងគម្រោងជួសជុលស្ពានហាលអង្គរវត្ត ហើយត្រូវបានរើចេញជាបណ្តោះអាសន្ននាពេលកន្លងមក។ បច្ចុប្បន្ន ដោយសារគម្រោងជួសជុលស្ពានហាលអង្គរវត្តត្រូវបញ្ចប់រួចរាល់ ក្រុមការងារត្រូវយកចម្លាក់បង្កាន់ដៃនាគទាំងនោះមកធ្វើការជួសជុលពង្រឹង និងដំឡើងនៅកន្លែងដើមឡើងវិញ។

គួរបញ្ជាក់ផងដែរថា បង្កាន់ដៃនាគទាំងនេះធ្លាប់ត្រូវបានធ្វើការជួសជុលម្តងហើយនៅសម័យបារាំងនៅឆ្នាំ១៩៤៩ ដោយប្រើជើងទម្រចាស់ខ្លះ និងធ្វើជើងទម្រថ្មីខ្លះៗមកដំឡើងឡើងវិញ៕