(ភ្នំពេញ)៖ «បុណ្យភូមិ» គឺជាមហោស្រពសិល្បៈជួយផ្សព្វផ្សាយ អភិរក្ស និងថែរក្សាវប្បធម៌ប្រពៃណីខ្មែរ។ ថ្មីៗនេះអ្នករៀបចំកម្មវិធី បានប្រកាសពីថ្ងៃនៃការរៀបចំកម្មវិធីបុណ្យ ដែលក្នុងនោះបានបញ្ជាក់ថា បុណ្យភូមិឆ្នាំទី១០ សម្រាប់ឆ្នាំ២០២៣នេះ នឹងប្រារព្ធឡើងរយៈពេល១០ថ្ងៃ ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការចាប់កំណើតព្រឹត្តិការណ៍បុណ្យភូមិនេះឡើង។

«អត់ម៉េចបានបុណ្យភូមិឆ្នាំហ្នឹង!»​ នេះ​គឺជាពាក្យស្លោក ដែលគេតែងតែនិយាយនៅពេលដែលរៀបចំកម្មវិធីបុណ្យភូមិម្តងៗ។ យ៉ាងណាម៉ិញរយៈពេល១០ឆ្នាំមកហើយ ដែលក្រុមយុវជនបានរៀបចំ កម្មវិធីបុណ្យភូមិនេះឡើង។ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងនាពេលថ្មីៗនេះ អ្នករៀបចំបុណ្យបានប្រកាសឲ្យដឹងថា បុណ្យភូមិឆ្នាំនេះនឹងរៀបចំឡើង១០ថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៩ ខែមេសា ដោយបែងចែកចេញជាបីទីតាំងផ្សេងៗគ្នា។

កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកកម្មវិធីបុណ្យភូមិមួយរូប ក្នុងចំណោមស្ថាបនិក៣រូបផ្សេងទៀត បានឲ្យ Fresh News Plus ដឹងពីមូលហេតុដែលរៀបចំពិធីបុណ្យនេះ១០ថ្ងៃ និងទីតាំងខុសៗគ្នាព្រោះថា ការរៀបចំ១០ថ្ងៃនេះ គឺដើម្បីអបអរសាទខួប១០ឆ្នាំ នៃអនុស្សាវរីយ និងភាពអស្ចារ្យរបស់មហោស្រពបុណ្យភូមិ។ ក្នុងនោះផងដែរ លំអរពេជ្រ ចង់ចាប់ផ្តើមឲ្យកម្ពុជាមានការរៀបចំ មហោស្រព ឬ Festival ព្រោះកន្លងមក ព្រឹត្តិការណ៍មហោស្រពដែលមហាជន អាចធ្វើដំណើរកម្សាន្តទៅកាន់កន្លែងផ្សេងៗគ្នាបែបនេះ ឃើញមានតែនៅក្រៅប្រទេសប៉ុណ្ណោះ។ ដូច្នេះបុណ្យភូមិ គឺជាមហោស្រពដំបូងគេ ដែលចាប់ផ្តើមបង្ហាញដល់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ការចូលរួមនៅក្នុងពិធីបុណ្យភូមិរយៈពេល១០ថ្ងៃនេះ គឺកម្មវិធីបើកឲ្យមហាជនចូលរួមដោយសេរី លើកលែងការរៀបចំឡើងនៅក្នុង «សប្តាហ៍សិល្បៈសម័យ» ដែលរៀបចំនៅហ្វេកតូរី ភ្នំពេញ នឹងមានការលក់សំបុត្រតម្លៃ ១ម៉ឺនរៀល។ ថវិកាដែលទទួលបានពីការលក់សំបុត្របុណ្យភូមិ ក្រុមការងារត្រៀមសម្រាប់ការរៀបចំកម្មវិធី «បុណ្យភូមិមានជើង» ដែលរៀបចំនៅខេត្តក្រចេះ នាខែវិច្ឆិកាខាងមុខ។

កាលបរិច្ឆេទនៃពិធីបុណ្យភូមិមានដូចតទៅ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមេសា បុណ្យភូមិនឹងធ្វើការរៀបចំនៅហ្វេកតូរី ភ្នំពេញ ដែលអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្តាហ៍សិល្បៈសម័យ»
ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែមេសា បុណ្យភូមិនឹងធ្វើការរៀបចំនៅផ្សារ ជីប ម៉ុង មេហ្គាម៉ល ២៧១ ដែលអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្ដាហ៍ពិសេស»។ ចំណែកពីថ្ងៃទី០៧ ដល់ ថ្ងៃទី០៩ ខែមេសា បុណ្យភូមិនឹងធ្វើការរៀបចំនៅវត្តមួយកន្លែង ដែលចំណាយពេល៤៥នាទី ពីរាជធានីភ្នំពេញ ដែលអ្នករៀបចំកម្មវិធីបានដាក់ឈ្មោះថាជា «សប្ដាហ៍បុរាណ»