(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla Inc ប្រកាសបញ្ចុះតម្លៃរថយន្តទំនើប Model S និង Model X ចន្លោះពី ៤ ទៅ ៩ភាគរយនៅសហរដ្ឋអាមេរិក បន្ទាប់ពីនាយកប្រតិបត្តិលោក Elon Musk បង្ហើបថា Tesla បង្កើនការផលិតរថយន្តបន្ថែមទៀតក្នុងឆ្នាំនេះ ខណៈការបញ្ចុះតម្លៃនៅរបាយកាណ៍មុនមានតម្រូវការកើនឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

នេះគឺជាលើកទី៥ ហើយសម្រាប់ក្រុមហ៊ុន Tesla ចាប់តាំងពីឈានជើងចូលដើមឆ្នាំ២០២៣ មកជាមួយនឹងការប្រកាសបញ្ចុះតម្លៃរថយន្តជាបន្តបន្ទាប់ ខណៈរាល់ដងមានសម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ។ Musk បាននិយាយនៅសប្តាហ៍មុននៅឯថ្ងៃជួបជុំវិនិយោគិនរបស់ Tesla ថា «បំណងប្រាថ្នារបស់មនុស្សដែលចង់ក្លាយជាម្ចាស់រថយន្ត Tesla គឺច្រើនខ្លាំងណាស់ ប៉ុន្តែកត្តាចម្បងគឺ នៅត្រង់លទ្ធភាពរបស់ពួកគេក្នុងការបង់ប្រាក់សម្រាប់ Tesla»។ ដូច្នេះទើប Musk សម្រេចគិតទៅលើការបញ្ចុះតម្លៃរថយន្តឱ្យទាបជាងមុនដើម្បីឱ្យអ្នកប្រើប្រាស់អាចមានសម្ថភាពប្រើប្រាស់រថយន្តរបស់ខ្លួន។

បើយោងតាមគេហទំព័ររបស់ Tesla បានបង្ហាញថា ការបញ្ចុះតម្លៃរថយន្តលើកនេះ នឹងមានច្រើនជម្រើសដោយក្នុងនោះ Model S ត្រូវបានបញ្ចុះតម្លៃខ្ទង់ ៥,០០០ដុល្លារ ទៅលើម៉ូដែលរថយន្តទាំងពីររបស់ខ្លួន រួមមាន Model S នឹងបញ្ចុះតម្លៃ ៥ភាគរយគិតជាប្រាក់មកនូវត្រឹមតម្លៃប្រហែល ៨៩,៩៩០ដុល្លារ ចំណែក Model S Plaid និង Performance ត្រូវបានបញ្ចុះតម្លៃ ៤ភាគរយមកនៅត្រឹម ១០៩,៩៩០ដុល្លារ។ ដោយឡែកចំពោះ Model X វិញនឹងត្រូវបានកាត់បន្ថយចំនួន ១០,០០០ដុល្លារ ប្រហែល ៩ភាគរយ ពីតម្លៃដើម ១០៩,៩៩០ដុល្លារ មកត្រឹម ៩៩,៩៩០ដុល្លារ៕