(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ នៅការិយាល័យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ របស់ធនាគារ អេស៊ីលីដា ប្រមាណជាង៦០០នាក់ បានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺដែលត្រូវការឈាម។

នេះជាលើកទី៦ហើយ ដែលធនាគារ អេស៊ីលីដា ដឹកនាំបុគ្គលិកចូលរួមបរិច្ចាគឈាម ខណៈតម្រូវការឈាមនៅកម្ពុជាមានប្រមាណជា ២០០ប្លោកជារៀងរាល់ថ្ងៃសង្គ្រោះជនរងគ្រោះ និងអ្នកជំងឺ។

លោកស្រីវេជ្ជបណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែង​ថា សកម្មភាព​បរិច្ចាគឈាម ដោយស្ម័គ្រចិត្តរបស់ក្រសួង ស្ថាប័ន ក្រុមហ៊ុន និងប្រជាពលរដ្ឋ បាន​ចាប់ផ្តើម​ផុលផុស​បណ្តើរៗ ឡើងវិញហើយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលរួចមក។

លោកស្រីបន្តថា «សព្វថ្ងៃនេះ យើង​មិនទាន់មាន​ឈាម ដែលមានប្រភពពី​អ្នកស្ម័គ្រចិត្ត ​គ្រប់​គ្រាន់​សម្រាប់​ជួយ​សង្គ្រោះជីវិតមនុស្ស ដែលត្រូវការ ឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញ ត្រូវការឈាមប្រមាណ ១៥០ប្លោក​ សម្រាប់​ជួយ​សង្គ្រោះ​ជនរង​គ្រោះ និង​​​​​​​​អ្នកជំងឺ ហើយនៅទូទាំងប្រទេស​ត្រូវការឈាមប្រមាណ ២០០ប្លោក ជា​រៀងរាល់​​ថ្ងៃ ដូចនេះ យើង​ត្រូវការឈាមបន្ថែមទៀត ​ដើម្បីសង្គ្រោះ​ជីវិតមនុស្ស​បន្ទាន់»

​លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវ​នាវទៅកាន់ប្រជាពលរដ្ឋខ្មែរ​ទូទាំងប្រទេស ជា​ពិសេស​​​ក្រុម​យុវជន មេត្តាចូលរួមបរិច្ចាគឈាម ដើម្បី យកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។

លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា ​បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរស​ជនស្ម័គ្រចិត្តទាំងឡាយនោះទេ​ មជ្ឈមណ្ឌលជាតិផ្តល់ឈាម និងមន្ទីរពេទ្យ ទាំងអស់ ព្រមទាំងគ្រួសារអ្នកជំងឺ ពិតជាមានការលំបាកដោយសារឈាមមានប្រភពពីក្នុងចំណោមប្រជាជន យើងដូច្នេះ ការ​ចូលរួមរបស់​បងប្អូន​ពិត​ជា​មានសារៈ​សំខាន់​យ៉ាងខ្លាំងណាស់។

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោជិតធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបានបរិច្ចាគ​ឈាម​ជូនមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់​ជនរងគ្រោះ​ ដែលត្រូវ​ការឈាមជា​ចាំបាច់នោះ៕