(កណ្ដាល)៖ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់លោកអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន ​ផ្តោតសំខាន់ខ្លាំងទៅការលើគាំទ្រយុទ្ធនាការ Beyond The Games ក្រោមប្រធានបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ដើម្បីគាំទ្រដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ២០២៣។

លោក ជាប ដាវុធ តំណាងលោកអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន ឆ្នាំ២០២៣ គាំទ្រយុទ្ធនាការ «Bayond The Games» ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» នៅកីឡដ្ឋានស្រុកល្វាឯមនាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ ដោយមានលោក កន សុកកាយ អភិបាលស្រុកល្វាឯមផងដែរ។ 

ក្នុងឱកាសនោះ លោក ជាប ដាវុធ បានលើកឡើងថា ក្រោមម្លប់នៃសុខសន្តិភាព បានធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយវិស័យកីឡាបានរីកចម្រើនគួរឲ្យកាត់សម្គាល់ ខណៈប្រទេសជាតិ និងប្រជាជនទាំងមូល កំពុងត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

លោក កន សុកកាយ បានលើកថ្លែងពីគុណបំណាច់នៃសុខសន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ដែលបានកដាងប្រទេសជាតិឲ្យរីកចំរើនទៅមុខជាលំដាប់។ ក្នុងនោះវិស័យកីឡា មានការរីកដុះដាលយ៉ាងខ្លាំងផងដែរ ដែលញ៉ាំងឲ្យកម្ពុជាមានមុខមាត់លើឆាកអន្តរជាតិកាន់តែល្បីរន្ទឺឡើងៗ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ និងការសម្តែងកីឡាមិត្តភាពគាំទ្រយុទ្ធនាការ Beyond The Games ដែលបានប្រព្រឹត្តិយ៉ាងអធិកអធមនាឱកាសនេះ គឺដើម្បីអបអរសាទរក្នុងការត្រៀមឆ្ពោះទៅកាន់ ព្រឹត្តិការណ៍ជា ប្រវត្តិសាស្រ្ត ដែលទង់ជាតិកម្ពុជានឹងអណ្តែតឡើងប្រកបដោយមោទកភាព ក្នុងនាមជាប្រជាជាតិ ដែលមានអរិយធម៌ វប្បធម៌ ដ៏ល្បីរន្ទឺ និងចំណាស់មួយ ក្នុងសកលលោក។

រយៈពេលជាង៦០ថ្ងៃទៀត កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម (SEA Games) និងអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) ដែលជាការប្រកួតកម្រិតអន្តរជាតិ ដ៏ធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយនេះគឺជាកិត្តិយសជាប្រវត្តិសាស្រ្តមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ឆ្នាំមកហើយ។

Beyond The Games លើសពីកីឡា លើសពីការប្រកួត យើងចង់បង្ហាញទៅកាន់សង្គមជាតិ និងពិភពលោកថា កីឡាផ្សាភ្ជាប់នឹងវប្បធម៌មរតកជាតិ, កីឡាផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ, កីឡាផ្សារភ្ជាប់ស្មារតីសាមគ្គីភាព និងមិត្តភាព៕