(កូរ៉េ)៖ តារាច្រៀងប្រុស J-Hope សមាជិកក្រុមចម្រៀង BTS បានសហការជាមួយតារាចម្រៀងរ៉េប J.Cole ជាម្ចាស់ពានរង្វាន់ Grammy ក្នុងបទចម្រៀងហ៊ីបហបថ្មីមានចំណងជើងថា «On The Street»។ ការបញ្ចេញបទចម្រៀងថ្មី គឺមុនពេលដែលតារារូបនេះ ចូលបំពេញកាតព្វកិច្ចយោធា។

ជាការកត់សម្គាល់ ការសហការគ្នាជាលើកដំបូងនេះ បានកើតឡើងក្រោយតារារ៉េបទាំងពីររូប បានជួបគ្នាកាលពីខែកក្កដា ឆ្នាំ២០២២ នៅពេលដែលពួកគេបានជួបគ្នា ក្នុងកម្មវិធីមហោស្រពតន្ត្រីអាមេរិក Lollapoolza (ឡូឡាភូលហ្សា)។ បទចម្រៀងថ្មីនេះ ត្រូវបានគេចាត់ទុកថា ជាចំណងដៃដ៏ពិសេសមួយសម្រាប់អ្នកគាំទ្រ មុនពេលតារារូបនេះចូលបម្រើយោធា។ តារាវ័យ ២៩ឆ្នាំ J-Hope ដែលមានឈ្មោះពិតថា Jung Ho-seok (ចុង ហូសុក) បានដាក់ពាក្យបញ្ចប់ការពន្យារពេលចូលបំពេញកាតព្វកិច្ចយោធារបស់ខ្លួន ដោយរូបគេគឺជាសមាជិកទីពីររបស់ BTS ដែលចាប់ផ្តើមដំណើរការចូលបម្រើយោធា បន្ទាប់ពីសមាជិក Jin បានចាប់ផ្ដើមកាលពី ២ខែមុន។

គួរជម្រាបថា បុរសនៅកូរ៉េខាងត្បូងគ្រប់រូបដែលមានអាយុពី ១៨ដល់២៨ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធារយៈពេលប្រហែលពីរឆ្នាំ។ ងាកមកក្រុម BTS គឺបានសម្រេចចិត្តចូលបំពេញកាតព្វកិច្ចយោធាតាមកាលវិភាគរៀងៗខ្លួន បន្ទាប់ពីប្រកាសផ្អាកសកម្មភាពជាក្រុម៕