(បរទេស)៖ តារាសម្តែងជើងចាស់ល្បីឈ្មោះបោះសំឡេង ក្នុងវិស័យបូលីវូដ លោក Bachchan បានសរសេរនៅលើ Blog ផ្ទាល់ខ្លួនរបស់លោកថា លោកបានបាក់ឆ្អឹងជំនី និងរហែកសាច់ដុំ អំឡុងពេលថតរឿង។ លោកបាននិយាយថារបួសគឺ «ឈឺចាប់» ហើយលោកបានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត និងត្រូវបានគេណែនាំឲ្យសម្រាកព្យាបាលនៅផ្ទះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣។

តារាបូលីវូដវ័យ ៨០ឆ្នាំរូបនេះបានបង្ហោះនៅលើ Blog របស់លោកនាពេលថ្មីៗនេះថា លោកបានរងរបួសឆ្អឹងជំនី ខណៈកំពុងធ្វើការនៅទីក្រុង Hyderabad ក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្ត Project K។ វាត្រូវបានផលិតជាភាសាហិណ្ឌូ និងតេលូហ្គូ ហើយត្រូវបានគ្រោងសម្រាប់ចេញផ្សាយ នៅឆ្នាំ២០២៤។ Bachchan បានសរសេរថា លោកបានបាក់ឆ្អឹងជំនី និងរហែកសាច់ដុំ។

លោកបាននិយាយថារបួសគឺ «ឈឺចាប់» ហើយលោកបានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត មុនពេលលោកធ្វើដំណើរទៅផ្ទះទៅទីក្រុងបុមបៃ ជាកន្លែងដែលលោកត្រូវបានគេណែនាំឲ្យសម្រាក។ បញ្ហានេះ បានធ្វើឲ្យការងាររបស់​លោក​លើការថត​ភាពយន្ត​ត្រូវ​បាន​ផ្អាក ​រហូត​ដល់​លោក​បាន​ជា​សះស្បើយ។

គួរជម្រាបថា Bachchan បានសម្តែងនៅក្នុងខ្សែភាពយន្តឥណ្ឌាជាង២០០។ តារាជើងចាស់រូបនេះ ចាប់ផ្តើមល្បីល្បាញតាមរយៈរឿង នៅក្នុងខ្សែភាពយន្ត Zanjeer ឬ The Chain ឆ្នាំ១៩៧៣ ហើយលោកបានក្លាយទៅជាកំពូលតារាសម្តែង ដែលដើរតួជាកំពូលតារាឆ្នើម ដោយសារតែដើរតួជាតួអង្គក្លាហាន ជាហេតុបំផុសឲ្យអ្នកគាំទ្រឲ្យចម្លងម៉ូតសក់ សម្លៀកបំពាក់ និងសំឡេងដ៏មោះមុតរបស់លោក៕